(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង អនុប្រធាន កិត្តិយសសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងជនងាយរងគ្រោះ ១១០គ្រួសារ មកពីភូមិចំនួន០៤ រួមមាន ៖ ភូមិបីពៃ ភូមិជួរកណ្តាល ភូមិម៉ឺននង់ និងភូមិកោះត្រែង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ។
នាឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូ យកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ មូលដ្ឋានគ្រប់ទីកន្លែង។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ទៀតថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលទុក្ខចោលប្រជាពលរដ្ឋឱ្យទទួលរងផលប៉ះពាល់ មានការលំបាកខ្វះខាត និងងាយរងគ្រោះនោះទេ គឺតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតពីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវ និងផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយ មានអនាម័យជានិច្ច គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា និងទៅចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា អំណោយដ៏ថ្លៃថ្លាផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង១១០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ១០កំប៉ុង និងថវិកា ២០,០០០ រៀល។ ដោយឡែកលោក ជាម ច័ន្ទសោភ័ណ បានឧបត្ថម្ភស៊ីម៉ង់ដ៍ចំនួន ១០តោន ដល់សាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះពីរ និងផ្តល់ថវិកាដល់លោក-អ្នកគ្រូ បង្រៀន និងក្រុមគ្រូពេទ្យផងដែរ៕