(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលឧបករណ៍ទំនើបសំរាប់ធ្វើតេស្ត រកដឹងអំពីមូលហេតុ នៃការកើតករណីគ្រោះអគ្គិភ័យជាលើកដំបូងពីសប្បុរសជន។
នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់អ្នកយកព័ត៌មាន ក្រោយទទួលវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍ TIGER ដើម្បីស៊ើបអង្កេតករណីអគ្គិភ័យនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានប្រាប់បន្ថែមថា នៅប្រទេសកម្ពុជា សំរាប់ការធ្វើតេស្តទៅលើចំហេះផ្សេងៗដូចជាហ្គាស ប្រេង រឺសាធាតុផ្សំផ្សេងៗដែលបង្កជាអគ្គិភ័យ មានការពិបាក ក្នុងការស្រាវជ្រាវ នៅថ្ងៃនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលឧបករណ៍ទំនើបនេះ ពីសប្បុរសជន ដើម្បីអាចធ្វើតេស្តរកមូលហេតុ បានដោយក្រោយពីមានអគ្គិភ័យកើតឡើងអាច ប្រមូលយកកំទេចកំទីមកដាក់ក្នុងម៉ាស៊ីន ដើម្បីរកមូលហេតុនៃគ្រោះអគ្គិភ័យ។
លោក នេត វន្ថា បានបញ្ជាក់ថា ម៉ាស៊ីននេះមានសារៈសំខាន់សំរាប់ជួយសំរួល និងជួយដោះស្រាយដល់មន្ត្រីជំនាញអគ្គិភ័យដែលកាលពីមុនយើងបានត្រឹមតែធ្វើការសន្និដ្ឋានក្រៅផ្លូវការ មិនច្បាស់លាស់ក្រោយពេលមានគ្រោះអគ្គិភ័យកើតឡើង។
របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យ ចំនួន៣៧២លើក បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១២នាក់ រងរបួសចំនួន៤១នាក់ ផ្ទះ និងតូបជិត៥០០ខ្នង និងតូប៕