(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តួចផ្តើម កសាង «វត្តមរតកតេជោបុរីស្វរៈ» ព្រមទាំងចូលរួមជាបច្ច័យដ៏ថ្លៃថ្លា ក្នុងការកសាងព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តផងដែរ។
ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តមរតកតេជោបុរីស្វរៈ ព្រមទាំងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ លោក លោកស្រី ដែលបានចំណាយពេលវេលា ចូលរួមក្នុងពិធីនេះឱ្យកាន់តែអធិកអធម។
លោក ប្រាក់ សុវណ្ណ បានថ្លែងជម្រាបជូនអំពីសភាពការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយកម្លាំងទទួលទិសសមូរភូមិមុខ និងកម្លាំងឈរជើងតាមបណ្តោយព្រំដែន ពិសេសក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឱ្យសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវ មានសន្តិសុខល្អប្រសើរ។
ដោយឡែកសភាពការណ៍សណ្តាប់ធ្នាប់ផ្ទៃក្នុង តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឱ្យបទល្មើសថយចុះ និងធានាបានសន្តិសុខរបៀបរៀបរយល្អ ពិសេសសភាពការណ៍ទាំងមុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងដោយក្តីរំភើបរីករាយ ជាមួយព្រះសង្ឃ គណៈកម្មការវត្ត លោកយាយ លោកតា និងប្រជាពលរដ្ឋឃុំស្រអែម ដែលវត្តមរតកតេជោបុរីស្វរៈ និងសមិទ្ធផលនានា ត្រូវបានសម្ភោធឆ្លងនៅថ្ងៃនេះ។ជាមួយគ្នានេះ លោកក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តួចផ្តើមកសាងវត្តមរតកតេជោបុរីស្វះរៈ ព្រមទាំងបានចូលរួមជាបច្ច័យដ៍ថ្លៃថ្លា កសាងព្រះវិហារនិងសមិទ្ធិផលនានាក្នុងវត្តផងដែរ។
មិនត្រឹមតែប៉ុណ្ណោះប្រាសាទព្រះវិហារដ៏អស្ចារ្យដែលស្ថិតនៅលើកំពូលភ្នំ ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ២០០៨ គឺជាស្នាដៃដ៏ធំធេងមួយ ក្នុងចំណោមស្នាដៃសំខាន់ៗជាច្រើនរបស់សម្តេច ដែលមានប្រយោជន៍ មិនត្រឹមតែបង្ហាញកិត្យានុភាពជាតិ និងការពារនូវបូរណភាពទឹកដី អធិបតេយ្យជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច ផ្តល់ចំណូលដល់ជាតិនិងប្រជាពលរដ្ឋខ្មែរមិនចេះរីងស្ងួតផងដែរ៕