(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅថ្ងៃនេះឲ្យដឹងថា ក្រុមបុរសស្រឡាញ់បុរស (បុរសរួមភេទជាមួយបុរស) បានក្លាយជាក្ដីកង្វល់ និងការព្រួយបារម្ភដ៏ធំមួយ សម្រាប់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងការបង្កា និងទប់ស្កាត់មិនឲ្យមានការរីករាយដាល នៃជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបានតាមផែនការគោលដៅយុទ្ធសាស្ត្រ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។

ការថ្លែងពីក្ដីព្រួយបារម្ភរបស់លោកទេសរដ្ឋមន្រ្តី គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើង ដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានសមាជិក-សមាជិកា មន្ត្រីក្រោមឱវាទ និងអ្នកសារព័ត៌មានជាច្រើននាក់។

លោកទេសរដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា ជាការពិតបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថា ក្រុមបុរសរួមភេទជាមួយបុរស គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយពួកគេហាក់មិបានខ្វល់ខ្វាយ ឬចួលរួមទប់ស្កាត់ការរីករាយដាលនៃជំងឺអេដស៍នោះទេ ពោលគឺមិនយកចិត្តទុកដាក់ក្នុងប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូ ហើយពួកគេមិនត្រឹមតែរួមភេទ ជាមួយនឹងដៃគូបុរសនឹងបុរសមួយទល់នឹងមួយទេ គឺពួកគេខ្លះអាចបន្តមករួមភេទជាមួយនឹងដៃគូភេទខុសគ្នា (ប្រុសនឹងស្រី) បន្ថែមទៀត ហើយមិនបានការពារ ដែលនេះហើយគឺជាការប្រឈម និងក្លាយជាក្ដីព្រួយបារម្ភរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការដែលធ្វើឲ្យជំងឺអេដស៍ មានសកម្មភាពរាលដាលឡើងវិញ។

លោកទេសរដ្ឋមន្រ្តីបន្តថា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្រ្តីបម្រើក្នុងសេវាកម្សាន្ត និងអ្នកចាក់គ្រឿងញៀន នៅពេលពួកគេមានកម្មវិធីកម្សាន្តសប្បាយៗម្ដង ពួកគេតែងណាត់ជួបគ្នា ពិសារគ្រឿងស្រវឹងរួមគ្នា ហើយអ្នកខ្លះឈានដល់ការប្រើប្រាស់គ្រឿងញៀនទៀតនោះ ទើបធ្វើឲ្យការរួមភេទរបស់ពួកគេមិនបានការពារ និងបង្កា ឬមិនបានយកចិត្តទុកដាក់ទៅមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការកាលៈទេសៈដែលពួកគេកំពុងប្រឈមនេះឡើយ។

ដោយមានការព្រួយបារម្ភ និងក្ដីកង្វល់ចំពោះមុខដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងតែបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាអំពីផែនការផ្សព្វផ្សាយ អំពាវនាវ លើកទឹកចិត្តដល់ពួកគេ តាមរយៈអង្គការក្រៅរដ្ឋាភិបាល ឬតាមរយៈស្ថាប័នព័ត៌មាននានា បណ្ដាញសង្គម សារអប់រំ និងវិធានការផ្សេងទៀតដល់ក្រុមបុរសស្រឡាញ់បុរស ក្រុមបំប្លែងភេទ និងស្រ្តីក្នុងសេវាកម្មកម្សាន្តជាដើម ដើម្បីឲ្យពួកគេបានជ្រួតជ្រាប និងយល់កាន់តែច្បាស់ ក្នុងការចូលរួមបង្កា ទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានធ្វើការអំពាវនាវដល់ ក្រុមបុរសរួមភេទជាមួយបុរស ត្រូវប្រើប្រាស់ស្រោមអនាម័យជាចាំបាច់ ដើម្បីទប់ស្កាត់ និងបង្កាកុំឲ្យឆ្លងមេរោគអេដស៍ ទៅដៃគូរបស់ខ្លួន ទោះបីសង្ស័យ ឬមិនសង្ស័យថា ខ្លួនមាន ឬគ្មានមេរោគអេដស៍ក៏ដោយ។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ក្នុងចំណោមប្រជាជនគន្លឹះ ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្រ្តីបម្រើក្នុងសេវាកម្សាន្ត និងអ្នកចាក់គ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២២របស់ខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយបានដាក់ចេញនូវគោលការណ៍សម្រេចចិត្តជាគន្លឹះសំខាន់ៗ ចំនួន៩ចំណុច បន្ទាប់ពីពិភាក្សាគ្នារួចរាល់។

សេចក្ដីសម្រេចចិត្តនៅក្នុងកិច្ចប្រជុំពេញអង្គទាំងនោះរួមមាន៖
ទី១. ជំរុញលើកទឹកចិត្ត ដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នរាជធានី ខេត្ត ដំណើរការលើកផែនការសកម្មភាព និងគម្រោងថវិការបស់ខ្លួន ឲ្យស្របជាមួយនឹងពេលវេលា នៃការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ ស្របតាមផែនការយុទ្ធ សាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដោយផ្តោតលើអនុសាសន៍ នៃការវាយតម្លៃផែនការយុទ្ធសាស្ត្រពាក់កណ្តាលអាណត្តិ និងស្របតាមអាណត្តិការងាររបស់ស្ថាប័នសាមី និងសូមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី២. លើកទឹកចិត្តក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញអនុវត្តគោលនយោបាយស្រោមអនាម័យ ១០០ភាគរយ នៅតាមកន្លែងឧស្សាហកម្មសណ្ឋាគារ ដូចជា សណ្ឋាគារ បៀរហ្គាដិន ខារ៉ាអូខេ និងទីកន្លែងកម្សាន្តនានា។
ទី៣. លើកទឹកចិត្តក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក) ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យជំរុញការផ្តល់សេវាបង្ការ ការពារ ថែទាំ កាត់បន្ថយការចម្លងមេរោគអេដស៍ ពីមាតាទៅទារក ឲ្យបានតាមគោលដៅកំណត់។
ទី៤. ជំរុញការរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់ ដោយបញ្ចូលសមាសភាពពាក់ព័ន្ធនានា តំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ បន្ថែមទៅក្នុងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក.)។
ទី៥. ជំរុញលើកទឹកចិត្តមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល រៀបចំវិធីសាស្ត្រ និងមធ្យោបាយប្រកបដោយនវានុវត្តន៍ និងបរិយាប័ន្ន ដើម្បីឱ្យក្រុមប្រជាជនគន្លឹះ ៩៥ភាគរយ ទទួលបាននូវសេវាបង្ការចម្រុះរួម ចៀសផុតពីការឆ្លងមេរោគអេដស៍។
ទី៦. ជំរុញលើកទឹកចិត្តក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ) ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូស្វែងរក និងបញ្ចុះបញ្ចូលឲ្យអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២.០០០នាក់ ដែលមិនទាន់មកទទួលសេវាព្យាបាល ឲ្យមកទទួលធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលឲ្យបានទាន់ពេល។
ទី៧. ជំរុញលើកទឹកចិត្តក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ) និងអង្គការដៃគូ ឱ្យពង្រីកតំបន់គ្របដណ្តប់ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាប្រើប្រាស់ វិធីលេបថ្នាំបង្ការទុកជាមុន នៅពេលប្រព្រឹត្តប្រឈមនឹងការចម្លងមេរោគអេដស៍ (Pre-exposure prophylaxis, PrEP) ដល់ប្រជាជនគន្លឹះ។

៨. ស្នើសុំមូលនិធិសកល (Global Fund) តាមរយៈគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល ដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់នៅកម្ពុជា (CCC) និងដៃគូអភិវឌ្ឍទាំងអស់ ជួយពង្រឹងសមត្ថភាពស្ថាប័ន ដែលផ្តួចផ្តើមដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅសម្រេចចីរភាពកម្មវិធីអេដស៍នៅកម្ពុជា។
៩. ជំរុញដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការផ្តល់ធាតុចូលពីក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំគោលនយោបាយជាតិស្តីពីកិច្ចសន្យាសង្គម (Social contracting) ដើម្បីអនុញ្ញាតឲ្យអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ អាចជួយធ្វើអន្តរាគមន៍លើការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងពេលអនាគត តាមការចាំបាច់៕