(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលមួកសុវត្ថិភាព ចំនួន១០០មួក ពី លោក កាង មេងហ៊ាង ប្រធានការិយាល័យផ្នែកលក់ ក្រុមហ៊ុន សុខ គង់ អាហ័រណ នីហ័រណ (ក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច) នៅទីស្នាក់ការកណ្តាលកាក បាទក្រហម កម្ពុជា។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងអំណរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាចំពោះទឹកចិត្តមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានឧបត្ថម្ភជាមួកសុវត្ថិភាពជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែក កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដល់ជីវិតអ្នកធ្វើដំណើរតាមទោចក្រយានយន្ត។
លោកស្រី អគ្គលេខាធិការ «បានសំណូមពរក្រុមហ៊ុន ជួយបន្តឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខា ដើម្បីឲ្យ កាកបាទក្រហមកម្ពុជា មានលទ្ធភាព ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ឲ្យកាន់តែទូលំទូលាយថែមទៀត»។
ជាកិច្ចឆ្លើយតប លោក កាង មេងហ៊ាង បានថ្លែងថា ក្នុងនាមជាតំណាងក្រុមហ៊ុន «ខ្ញុំសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានឲ្យក្រុមហ៊ុនចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហម កម្ពុជា»។
គួរបញ្ជាក់ថា នេះជាលើទី២ហើយ ដែលក្រុមហ៊ុនឧបត្ថម្ភមួកសុវត្ថិភាពជូនកាកបាទក្រហមកម្ពុជាហើយក្រុមហ៊ុននឹងបន្តគាំទ្ររាល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត៕
">