(បាត់ដំបង)៖ សមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ អាណត្តទី៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានប្រកាសសុពលភាពក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ព្រមទាំងប្រជាពលរដ្ឋផងដែរ។
លោក សុខ លូ បានថ្លែងនូវការកោតសរសើរចំពោះសមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់អូរចារនេះ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ នៅអាណត្តិទី៤កន្លងទៅនេះ។
លោកបានបន្តថា ទន្ទឹមនឹងនោះដែរសមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់អូរចារ ចៅសង្កាត់ ស្មៀនសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងារ របស់ខ្លួនជាប្រចាំ និងត្រូវសហការ ជាមួយសមត្ថកិច្ច ប្រជាពលរដ្ឋ ដើម្បីអនុវត្ដឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ៧យ៉ាង។
លោកថា «ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវ សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន»។
លោកបានបន្តទៀតថា ចាប់ពីថ្ងៃប្រកាសនេះតទៅ គឺជាការរួមដៃគ្នា និងសហការគ្នា ដើម្បីចូលរួមក្នុងបម្រើប្រជាពលរដ្ឋ ដោយមិនត្រូវមានគំនិតប្រកាន់គុំគួនថាខ្លួនមកពីគណបក្សនយោបាយណាមួយឡើយ គឺត្រូវលះបង់គំនិតនេះឱ្យអស់ ក្នុងន័យដើម្បីបម្រើផលប្រយោជន៍សង្គមជាធំ ជាពិសេសគឺដើម្បីលើកស្ទួយសង្កាត់អូរចារនេះឱ្យកាន់តែរីកចម្រើនតទៅមុខទៀត។
លោកបានបន្ថែមទៀតថា ក្នុងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់អូរចារទាំងអស់ ត្រូវសហការគ្នាដើម្បីជំរុញប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីដូសទី៣ រហូតដល់ដូសទី៥ និងដូសបន្តបន្ទាប់ទៀត បន្ទាប់ពីចាក់រួចរាល់រយៈពេល៤ខែបន្ទាប់ ដើម្បីបង្កើនសមត្ថភាពអង់ទីក័រ ដែលមាននៅក្នុងខ្លួន ហើយសូមប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាចថាអស់ពីស្ដុកអ្វីឡើយ គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានខិតខំរកគ្រប់មធ្យោបាយដើម្បីធ្វើការកម្មង់វ៉ាក់សាំងកូវីដ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមិនថាដូសទីប៉ុន្មានឡើយ និងត្រូវចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសុខ សន្ដិភាព ដើម្បីរក្សាការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខនេះផងដែរ៕