(កោះកុង)៖ លោក ឡេក សុធន់ មេឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ទើបជាប់ថ្មីអាណ្តិតទី៥ បានប្រកាសតែងតាំងចូលបំពេញការងារនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុករួមទាំងមន្ត្រីក្រោមឱវាទ និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាណត្តិទី៥ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ឡេក សុធន់ បានប្តេជ្ញាចិត្តថា លោក និងក្រុមប្រឹក្សាឃុំទាំងអស់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិទី៥ នឹងខិតខំបំពេញនូវកាតព្វកិច្ចដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដាក់ជូន ដើម្បីបម្រើប្រជាពលរដ្ឋ និងភូមិឃុំឲ្យមានសុវត្តិភាព មានការអភិវឌ្ឍន៍ក្នុងភូមិឃុំឲ្យភាពរីកចំរើន និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ នៅពេលពួកគាត់ជួបផលលំបាក់នៅប្រការណាមួយ។
លោកមេឃុំថ្មី បេ្ដជ្ញាចិត្តខិតខំរក្សាភាពសាមគ្គីភាពផ្ទៃក្នុងរបស់ឃុំឲ្យបានរឹងមាំង និងបង្កើតភាពកក់ក្តៅ ជាមួយប្រជាពលរដ្ឋឲ្យកាន់តែមានភាពស្និតស្នាលដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។
នាឱកាសនោះលោក អ៊ុក ភ័ក្ត្រា បានផ្តាំផ្ញើទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មី គ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នា ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាងអភិវឌ្ឍន៍ នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿន ទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះ លោកអភិបាលរង បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលគណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ត្រូវខិតខំអភិវឌ្ឍន៍ ភូមិ ឃុំ របស់ខ្លួនឲ្យមានភាពរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងបង្កើតភាពកក់ក្តៅ ជូនពួកកុំឲ្យពួកគាត់ជាម្ចាស់សន្លឹកឆ្នោតខកបំណងឡើយ៕