(ព្រះសីហនុ)៖ ជនសង្ស័យដែលធ្វើសកម្មភាពកាប់ប្លន់យករថយន្ដ និងឆក់ទូរស័ព្ទ ពីរក្រុមផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវ និងចាប់ខ្លួនបានសរុបចំនួន៥នាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានឲ្យដឹងថា៖
* នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០៖០០នាទីយប់ មានប្រជាពលរដ្ឋប្តឹងរាយការណ៍តាមរយៈទូរស័ព្ទ Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅចំណុចម្តុំតារាងបាល់ទាត់ ជេក ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានបុរសជនជាតិខ្មែរ៣នាក់ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងពូថៅកាប់ប្លន់អ្នកបើកបររថយន្តតាក់ស៊ីម្នាក់ (ទើបដឹកភ្ញៀវជាជនសង្ស័យទាំង៣នាក់មកដល់ខេត្តព្រះសីហនុ) យករថយន្ត និងទូរស័ព្ទដៃ បណ្តាលឲ្យជនរងគ្រោះរបួសត្រង់ក្បាល ថ្ពាល់ និងដៃ រួចពួកគេបានយកទូរស័ព្ទ២គ្រឿង ហើយរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួន។
បន្ទាប់មកដោយទទួលបានបទបញ្ជាពី ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ, កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៩៖០០នាទីយប់ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យដែលជាបក្ខពួក ចំនួន០២នាក់ ជាបន្តបន្ទាប់ បន្ថែមទៀត។
ជនសង្ស័យសរុបចំនួន៣នាក់ រួមមាន៖ ទី១៖ឈ្មោះ សួន សារ៉ាត់ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ, ទី២៖ឈ្មោះ ស្រូយ ស្រស់ អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹករាំង ខណ្ឌដូនពេញ និងទី៣៖ឈ្មោះ យ៉ែម លីហ៊ួរ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។ ក្នុងនោះ ទូរស័ព្ទចំនួន០២គ្រឿង ម៉ាក Vivo ពណ៌ទឹកសណ្តែក មួយគ្រឿង និងម៉ាក Oppo ពណ៌ទឹកសណ្តែក មួយគ្រឿង។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី។
* ដោយឡែកមួយករណីទៀត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១១៖៣០នាទីយប់ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចមុខសាលាគរុកោសល្យ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខឧត្តរមានជ័យ1D-2090 បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះម្នាក់ ជនជាតិចិន រួចជិះម៉ូតូរត់គេចខ្លួន។
ភ្លាមនោះកម្លាំងសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង រហូតដល់ចំណុចម្តុំមជ្ឈមណ្ឌល ពិភពមង្គល ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ សមត្ថកិច្ចបានស្ទាក់ម៉ូតូរបស់ជនសង្ស័យ រួចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។ វត្ថុតាងចាប់យកបាន ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខឧត្តរមានជ័យ 1D-2090។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំដើម្បីបន្ដនីតិវិធី៕