(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយក ក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស តំណាងឱ្យក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានប្រកាសជូនដំណឹងដល់សាធារណជន និងប្រជាជនកម្ពុជាទាំងអស់ ប្រយ័ត្នចាញ់បោកជនទុច្ចរិត ដែលយកឈ្មោះ និងរូបថតគ្រួសាររបស់លោក ទៅបង្កើតគណនីហ្វេកប៊ុក (Facebook) ក្លែងក្លាយក្នុងចេតនាមិនល្អ។
លោកឧកញ៉ា ឡេង ប្រុស បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះថា មួយរយៈកន្លងមកនេះមានជនខិលខូច បានយកឈ្មោះ និងរូបថតគ្រួសារ ក្រុមការងាររបស់លោកទៅបង្កើត ផេក ក្លែងក្លាយ ដោយបានសរសេរខ្លឹមសារផ្សេងៗ ដែលមានបំណងមិនល្អ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសាររបស់លោកយ៉ាងខ្លាំង។ ជាមួយនឹងអំពើទុច្ចចរឹតនេះ លោកឧកញ៉ា ឡេង ប្រុស សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន និងកុំចាញ់បោកគណនីហ្វេសប៊ុកទាំងនេះឲ្យសោះ។
បើតាមលោកឧកញ៉ា ឡេង ប្រុស សម្រាប់ Facebook Page របស់លោកជាផ្លូវការ គឺ «Leng Bors ឡេង ប្រុស» ដែលមានសញ្ញា Tick ពណ៌ខៀវ ហើយមានអ្នក Followed ជាង 64K។ ដោយឡែកគណនីហ្វេសប៊ុកវិញ គឺមានឈ្មោះថា «Leng Bros» ដែលមាន Friends ជាង៤០០០នាក់ និងអ្នក Followed ជិត៧ពាន់នាក់។
ការចេញមកប្រតិកម្ម និងបញ្ជាក់យ៉ាងដូច្នេះរបស់លោកឧកញ៉ា ឡេង ប្រុស បានកើតមានឡើងក្រោយមានជនខិលខូចបានលួចបង្កើតផេកមួយមានឈ្មោះថា «Leng.Borss 666» ដោយបង្ហោះខ្លឹមសារមួយចំនួន នាំឲ្យមានការយល់ច្រឡំពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកឧកញ៉ា ក៏ស្នើសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយ Report ដើម្បីឲ្យ Facebook លុបគណនីខាងលើ កុំឲ្យដើរបោកប្រាស់គេឯងទៀត។
កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា ក៏បានប្រកាសជូនដំណឹងដល់សាធារណជន និងប្រជាជនកម្ពុជាទាំងអស់ ប្រយ័ត្នចាញ់បោកជនទុច្ចរិត ដែលយកឈ្មោះ វីដេអូ និងរូបភាពរបស់លោក ទៅបង្កើតគណនីហ្វេកប៊ុក (Facebook) ក្លែងក្លាយក្នុងចេតនាមិនល្អផងដែរ៕