(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួន តាមបណ្ដឹងរបស់ជនរងគ្រោះបន្ទាប់ពីពួកគេធ្វើសកម្មភាពលួចផ្លាកលេខរថយន្ដ២គ្រឿង នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលជំនាញចាប់ខ្លួនបាន កាលពីថ្ងៃទី០៤ ខែកក្កដា ដោយក្នុងនោះ ទី១៖ឈ្មោះ កែវ សុធារ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ និងទី២៖ឈ្មោះ វ៉ាន មានយូ ហៅធុយ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤។
ការចាប់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ២នាក់ ឈ្មោះ ប៉ែន មីនា ភេទស្រី មានទីលំនៅក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ម្ចាស់ផ្លាកលេខរថយន្ដម៉ាក Prius ពណ៌ស ឆ្នាំផលិត២០១០ ពាក់ផ្លាកលេខភ្នំពេញ 2BO-0660 និងឈ្មោះ កន នី ភេទប្រុស មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ម្ចាស់ផ្លាកលេខរថយន្ដម៉ាក Prius ពណ៌ស ឆ្នាំផលិត២០១២ ពាក់ស្លាកលេខភ្នំពេញ 2BQ-8006។
ករណីនេះសមត្ថកិច្ចបានប្រគល់វត្ថុតាងផ្លាកលេខរថយន្ដឲ្យជនរងគ្រោះវិញ ដោយមានការឯកភាពពីតំណាងអយ្យការ។ ខណៈជនសង្ស័យទាំងពីរ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕