(ពោធិ៍សាត់)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០១ ខែកក្កដា អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបន្ទាន់ដោយផ្ទាល់ និងដោយឡែកជាមួយប្រតិបត្តិករបោសសម្អាតមីន។
ប្រតិបត្តិករបោសសម្អាតមីន បានធ្វើបែងចែក តាំងចិត្ត និងបោសសម្អាតដោយប្រើប្រាស់ថវិការជំនួយពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ព្រមទាំងថ្នាក់ដឹកនាំ ដោយបញ្ចប់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ឲ្យអស់ពីខេត្តមួយទៅខេត្ត ពីក្រុង/ស្រុកមួយទៅក្រុង/ស្រុក ពីឃុំមួយទៅមួយ និងពីភូមិមួយទៅភូមិមួយ ក្នុងនោះរាជធានី/ខេត្តចំនួន៨ នឹងត្រូវប្រើប្រាស់កញ្ចប់ថវិកាពីម្ចាស់ជំនួយ។
អាជ្ញាធរមីន បានបញ្ជាក់ថា
*រាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២២ បោសសម្អាតប្រតិបត្តិករ CMAC
*ខេត្តរតនគិរី គ្រោងបញ្ចប់ក្នុងឆ្នាំ២០២២ គាំទ្របោសសម្អាតដោយប្រតិបត្តិករ NPA និងអង្គការ MAG
*ខេត្តសៀមរាប ទទួលការបោសសម្អាតដោយអង្គការ HALO Trust
*ខេត្តកំពង់ចាម ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយអង្គការ NPA
*ខេត្តពោធិ៍សាត់ ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយប្រទេសជប៉ុន
*ខេត្តបាត់ដំបង ប្រតិបត្តិករ CMAC កំពុងបោសសម្អាត និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់ប្រទេសជប៉ុន។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តចំនួន ១៤ទៀត នឹងត្រូវរៀបចំផែនការបោសសម្អាត និងពង្រាយកម្លាំងប្រតិបត្តិករជាតិ ដោយប្រើប្រាស់ថវិការពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលការរៀបចំផែនការនេះ ផ្តោតលើទីប្រជុំជន ការអភិវឌ្ឍ វប្បធម៌ និងទេសចរណ៍។
លោកបន្តទៀតថា ការអនុវត្តដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នឹងត្រូវបោសសម្អាតគ្រាប់មីនឲ្យអស់ដែលយើងបានដឹងក្នុងរយៈពេល៦ខែ ក្នុងខេត្តចំនួន៣ និងស្រុក/ក្រុងចំនួន៩ ទំហំផ្ទៃដីប្រមាណ ២០,៧ គីឡូម៉ែត្រក្រឡា រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តតាកែវ និងក្រុង/ស្រុក ០៩ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២រាជធានី-ខេត្ត (ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ជាខេត្តអស់មីន) បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕