(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា សង្កាត់ នៃសង្កាត់លេខ១ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសង្កាត់លេខ១ ដោយមានការចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងព្រះសីហនុ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា សង្កាត់លេខ១ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏សមាជិកក្រុមប្រឹក្សា សង្កាត់ថ្មីគ្រប់រូប ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បី បំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផល ក្នុងសង្កាត់ទី១ មានអសនៈសរុបចំនួន១១ មកពីគណបក្ស នយោបាយចំនួន២ រួមមាន៖ គណបក្សប្រជាជនកម្ពុជា មាន០៩អសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន៨ អាសនៈ និងមកពីគណបក្សភ្លើងទៀន មាន០២អសនៈ ទទួលបានតំណែងជាចៅ សង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាចំនួន១អាសនៈ៕