(ភ្នំពេញ)៖ បន្ទាប់ពីបែខ្នងដាក់គ្នាអស់រយៈពេលប្រមាណ ៤ទសវត្សរ៍ អតីតគូសត្រូវសម័យសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ អាមេរិក-វៀតណាម បានផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយការបង្ហាញឲ្យឃើញពីភាពស្អិតល្មួតយ៉ាងខ្លាំង។
បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក Truong Tan Sang កាលពីឆ្នាំ២០១៥ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ក៏បានឈានជើងជាន់ទឹកដីវៀតណាម ដែលនាំឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ពីបណ្តាញផ្សព្វផ្សាយនៅលើពិភពលោក។
ជាមួយការធ្វើដំណើរមកកាន់ទឹកដីគូសត្រូវជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ក្រៅពីការប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ អាមេរិក បានផ្តល់កញ្ចប់កាដូដ៏ធំសម្រាប់វៀតណាម គឺការដកទណ្ឌកម្មជំនួញអាវុធ ចេញពីប្រទេសវៀតណាម ដែលអាមេរិកបានដាក់តាំងពីឆ្នាំ១៩៧៥មកនោះ។
ការភ្ជាប់ទំនាក់ទំនងដ៏ភ្ញាក់ផ្អើលរវាងអាមេរិក-វៀតណាម ដោយមិនខ្វល់ពីគំនុំក្នុងអតីតកាលនេះ អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច មើលឃើញថា អាមេរិក និងវៀតណាម កំពុងរួមគ្នាសម្លឹងមើលអនាគតកាលដ៏រុងរឿង បើទោះបីពួកគេមិនអាចជួសជុល ការខូចខាតក្នុងអតីតកាលក៏ដោយនោះ។ លោកបណ្ឌិត សុខ ទូច បានមើលឃើញទៀតថា ការភ្ជាប់ទំនាក់ទំនងអាមេរិក-វៀតណាម មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងទ្វេភាគីនោះឡើយ តែទំនាក់ទំនងរបស់ពួកគេជាការទប់ទល់គូជម្លោះរួមរបស់ខ្លួន ដែលកំពុងរីកសាយភាយឥទ្ធិពលខ្លាំងនៅតំបន់អាស៊ី-អាគ្នេយ៍ គឺប្រទេសចិន ជាពិសេសជម្លោះក្នុងដែនកោះ និងដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង។
បើទោះបីជាមានការមើលឃើញជម្លោះដណ្តើមដែនកោះ និងដែនសមុទ្ររវាងយក្សចិន និងប្រទេសសមាជិកអាស៊ាន កំពុងកើនឡើងកម្តៅ យ៉ាងណាក្តី តែលោកបណ្ឌិត សុខ ទូច បានមើលឃើញថា សង្រ្គាមនៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ព្រោះឥទ្ធិពលមហាអំណាច មិនអាចកើតមាន ដូចអតីតកាលទៀតនោះឡើយ ត្បិតអាមេរិក និងចិន សុទ្ធតែជាប់ដៃក្នុងតំបន់មជ្ឈិមបូព៌ា និង បញ្ហាឧបទ្វីបកូរ៉េ។
ការបង្កើនទំនាក់ទំនងអាមេរិក និងវៀតណាម លោក សុខ ទូច បានមើលឃើញថា កម្ពុជា នឹងក្លាយជាកូនក្រមុំសម្រាប់មហាអំណាចចិន និងរុស្ស៊ី គ្រាប្រទេសទាំងពីរនេះ កំពុងមានភាពចម្រូងចម្រាស់ ជាមួយសហរដ្ឋអាមេរិក។
តែទោះជាយ៉ាងណា លោកបណ្ឌិត សុខ ទូច គាំទ្រឲ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តប្រើនយោបាយការទូត ប្រកបដោយភាពប៉ិនប្រសប់ទន់ភ្លន់ដូចពេលបច្ចុប្បន្ន គឺក្រសោបចាប់គ្រប់ប្រទេសជាមហាអំណាច ដោយមិនត្រូវរើសអើងចំពោះមហាអំណាចណាមួយ ដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់សង្រ្គាម ដូចអតីតកាលនោះឡើយ។
លោក សុខ ទូច បានសម្លឹងឃើញថា នយោបាយការបរទេស របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ប្រៀបដូចជាផ្ការីកគ្រប់រដូវ ពោលប្រទេសណា ក៏សុទ្ធតែជាមិត្តរបស់កម្ពុជាទាំងអស់៕
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាងអង្គភាព Fresh News ជាមួយលោកបណ្ឌិត សុខ ទូច អំពីដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ក្នុងប្រទេសវៀតណាម៖