(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់អំពីស្ថានភាពទេសចរអន្តរជាតិចូលមកកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២២ (មករា-មិថុនា) ដែលក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាជាងកន្លះលាននាក់ ឬជាង៥០ម៉ឺននាក់ រីឯការដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោកក៏មានការកើនឡើងខ្ពស់ដែរ។
លោកបានឱ្យដឹងថា «ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនសរុប៥០៦,៧៦២នាក់ កើនឡើង ៣៩៤.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៨៤.៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩»។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងមួយថ្ងៃមានទេសចរអន្តរជាតិចូលមកប្រមាណ៥,០០០ទៅ៥,៦០០នាក់។ ប្រភពទីផ្សារសំខាន់ៗនៃអ្នកទេសចរអន្តរជាតិដែលចូលមកកម្ពុជា មានមកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្ដាលីជាដើម។
លោក ថោង ខុន បានបញ្ជាក់ថា ចលនារបស់ភ្ញៀវអន្តរជាតិចូលតាម៖
* ផ្លូវអាកាសមានចំនួន៤៤០,៦៣៧នាក់ កើនឡើង ៤២០.៣% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៨៩.៨% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារ មានមកពីប្រទេសចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េ ថៃ បារាំង សិង្ហបុរី និងឥណ្ឌា។
* ផ្លូវគោកមានចំនួន២៦១,៥១៥នាក់ កើនឡើង ៣៥៤.៤% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៧០.៨% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
* ផ្លូវទឹកមានចំនួន៤,៦១០នាក់។
ចំពោះស្ថានភាពជើងហោះហើរ បច្ចុប្បន្នមានជើងហោះហើរចូលសរុប៣,៣១៧ជើង មានក្រុមហ៊ុនអាកាសចរណ៍ចំនួន២៧ក្រុមហ៊ុន ក្នុងនោះមាន១០ក្រុមហ៊ុនកំពុងហោះហើរទៀងទាត់ជារៀងរាល់ថ្ងៃ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) មានជើងហោះហើរ២,៨៦៤ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) មានជើងហោះហើរ២៦៥ជើង រីឯអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) មានជើងហោះហើរ១៩៨ជើង។
ដោយឡែក ក្នុងខែមិថុនា ឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនសរុប១៦៣,២៩៨នាក់ កើនឡើង ១៣៨៩.៤% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៦៣.៧% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ក្នុងនោះចូលតាមផ្លូវអាកាសមានចំនួន៥៨,១២៥នាក់ កើនឡើង ១២៤០% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៨២.៦% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ចូលតាមផ្លូវគោកមានចំនួន១០៤,៤០២នាក់ កើឡើង ១៤៧៥.៦% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៦.៦% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងចូលតាមផ្លូវទឹកមានចំនួន៧៧១នាក់។
គួរកំណត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឲ្យអនុវត្ត Visa on Arrivals និងកាត់បន្ថយនូវលក្ខខណ្ឌតម្រូវលើផ្នែកសុខាភិបាល ភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងច្រើន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ប៉ុន្តែក៏នៅទាបជាងរយៈពេលដូចគ្នានៅឆ្នាំ២០១៩យ៉ាងច្រើននៅឡើយ។ តាមការប៉ាន់ស្មានរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ១លាននាក់ ឬអាចច្រើនជាងនេះ៕