(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី ដែលទើបជាប់ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យខិតខំបម្រើប្រជាពលរដ្ឋ ដោយប្រកាន់គោលជំហរសាមគ្គីភាព និងឯកភាពជាតិ ដើម្បីបន្តអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន ជាពិសេសបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ការណែនាំបែបនេះ របស់លោកស្រីអភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អូរតាវ៉ៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ពិធីនេះធ្វើឡើងនៅសាលាសង្កាត់អូរតាវ៉ៅ សង្កាត់ទួលល្វា ដោយមានការចូលរួមពីសំណាក់នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរក្រុងប៉ៃលិន មន្ត្រីពាក់ព័ន្ធ និងប្រជាពលយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅ ជាលទ្ធផលក្នុងសង្កាត់អូរតាវ៉ៅ មានអាកាសនៈចំនួន០៧ មកពីគណបក្សនយោបាយចំនួន២រួមមាន៖ គណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៥។ ក្នុងសង្កាត់ទួលល្វា មានអាកាសនៈ ចំនួន០៥ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៣ អាសនៈ៕