(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា មេដឹកនាំកំពូលតាលីបង់ លោក Mullah Akhtar Mansour ពិតជាបានស្លាប់នៅក្នុងការវាយប្រហារដោយទ័ពអាកាស អាមេរិកប្រាកដមែន ហើយអាមេរិកបានចាត់ទុកវាជាជោគជ័យធំធេងសម្រាប់ខ្លួនទៀតផង។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយ Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម លោក អូបាម៉ា បានលើកឡើងថា «យើងបានកម្ចាត់មេដឹកនាំរបស់ក្រុមអង្គការ ដែលតែងតែធ្វើទុក្ខបុកម្នេញប្រឆាំងនឹង ប្រជាជន ក៏ដូចជាកងកម្លាំងសម្ព័ន្ធមិត្តរបស់យើង ជាពិសេសគឺពួកគេតែងតែប្រឆាំងនឹងប្រជាជន អាហ្វហ្គានីស្ថាន និង បានព្យាយាមបំប៉ោងខ្លួនឯងឲ្យដូចទៅនឹងក្រុមអាល់កៃដា រហូតមក»។
គួរបញ្ជាក់ថាការថ្លែងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមានសារព័ត៌មានជាច្រើន ដែលបានដកស្រង់សម្តី មេបញ្ជាការយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន ថាមេដឹកនាំកំពូលផុតលេខរបស់តាលីបង់ខាងលើ នេះបានស្លាប់ក្នុងការវាយប្រហារ របស់ទ័ពអាមេរិកហើយ ប៉ុន្តែវានៅតែជាភាពស្រពិតស្រពិល ចំពោះអ្វីដែលមិនគួរឲ្យជឿនេះ ទើ់បលោក បារ៉ាក់ អូបាម៉ា ចេញនូវសេចក្តីថ្លែងការណ៍ផ្ទាល់៕