(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថក្រចេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តជាច្រើននាក់ ចុះបង្រ្កាបរថយន្ដយីឌុបចំនួន២គ្រឿង ដែលកំពុងដឹកជញ្ជូនឈើប្រណិតឆ្ពោះ ទៅកាន់ប្រទេសវៀតណាម ព្រមទាំងបានបើកបុកបារ៉ាស់សមត្ថកិច្ច និងរថយន្តរបស់សមត្ថកិច្ចទៀតផង។
ប្រតិបត្តិការចុះបង្ក្រាបការដឹកជញ្ជូនឈើដែលគេដឹងថា ម្ចាស់ឈើឈ្មោះ យាយព្រឿង ជនជាតិវៀតណាមខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយសម្រាប់ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនអ្នកបើករថយន្ត និងព្រូរថយន្តចំនួន៥នាក់ផងដែរ។
លោកឧត្ដមសេនីយ៍ សាន្ដ ប៊ុនថាន បានប្រាប់ភ្នាក់ងារ Fresh News ការចុះបង្រ្កាបរថយន្ដទាំង២គ្រឿងខាងលើ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិបង្រ្កាបបទល្មើសព្រៃឈើ បន្ទាប់ពីទទួលព័ត៌មានថា មានរថយន្ដយីឌុបដឹកឈើតាមរថយន្តយីឌុប ចំនួន២គ្រឿងបំណងឆ្ពោះទៅវៀតណាម។
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានបន្ដថា «ខ្ញុំបានដឹកនាំកម្លាំងអាវុធហត្ថជាច្រើននាក់ ដើម្បីចុះបង្រ្កាបករណីខាងលើ ក្នុងនោះកម្លាំងអាវុធហត្ថយើង បានយករថយន្ដជាច្រើនទៅឃាត់ និងដាក់បារ៉ាស់ ដើម្បីឃាត់រថយន្តនោះ តែឃាត់មិនជាប់ ដោយពួកវាបានបើកបុកទាំងបារ៉ាសហួសទៅ ក្រោយមក កម្លាំងយើងបានយករថយន្ដយីឌុបផ្សេងទៀត ទៅដាក់ទទឹងផ្លូវ ទើបអាចឃាត់ជាប់បាន ភ្លាមៗនោះកម្លាំងយើង ក៏បានឃាត់ជនសង្ស័យចំនួន៥នាក់ ដែលជាអ្នកបើកបរ និងព្រូរថយន្ត ផងដែរ»។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើមានឈ្មោះ ទី១ ឈ្មោះ ប្រាជ ចាន់ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំស្លសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (អ្នកបើកបរ) ទី២ ឈ្មោះ ហេង ហាប អាយុ៣៣ឆ្នាំ រស់នៅឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (អ្នកបើកបរដែរ) ទី៣ ឈ្មោះ នី ដួង អាយុ១៩ឆ្នាំ រស់ឃុំអំពិលតាពកស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ព្រូរថយន្ដ) ទី៤ ឈ្មោះ ង៉ូវ វ៉ាងវី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម និងទី៥ ឈ្មោះ វែង សាវី អាយុ២៩ឆ្នាំ រស់នៅភូមិលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពងចាម (ព្រូរថយន្ដ)។
ក្រោយពីឃាត់ខ្លួន និងបានសួរនាំពួកគេរួចមក ពួកគេឆ្លើយថា ឈើប្រណិត និងរថយន្ដទាំងនេះ ជារបស់លោកស្រី ហេង សំនៀង ហៅយាយព្រឿង ជាជនជាតិវៀតណាម រស់នៅខេត្តស្ទឹងត្រែង ដែលជាថៅកែឈើល្បីឈ្មោះម្នាក់ជាយូរមកហើយ។ បច្ចុប្បន្ន ឈើ និងរថយន្ដទាំងនោះ ត្រូវកម្លាំងអាវុធហត្ថ ប្រគល់ជូនកម្លាំងជំនាញរដ្ឋបាលព្រៃឈើ យកទៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាស់វែង និងរក្សាទុក។ ចំណែកជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅមន្ទីរយុត្តិធម៌អាវុធហត្តខេត្ត ដើម្បីកសាងសំណុំរឿង និងចាត់វិធានការតាមនីតិវិធីច្បាប់បន្ដ៕