(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ពន្លឿន នៃការស្ដារប្រឡាយបឹងត្របែកឲ្យបានលឿន ដើម្បីបើកផ្លូវទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឲ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។
ការជំរុញរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២នេះ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាព នៃការស្ដារបឹងត្របែក ដែលមានចំងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែក ដល់ស្ថានីយបឹងត្របែកផ្លូវ២៧១។
លោក ឃួង ស្រេង បានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ កាយសំរាម ភក់ និងស្មៅ ដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកនេះឲ្យអស់ ពោលនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចឲ្យស្ថានីយបឹងត្របែក អាចមានសមត្ថភាព បូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ប្រឡាយបឹងត្របែកត្រូវបាន លោក ឃួង ស្រេង ជំរុញឲ្យមានការស្តារឡើងវិញ ជាមួយនឹងការចាក់ទំនប់តាមមាត់ប្រឡាយទទឹង១០ម៉ែត្រ និងបណ្តោយមានប្រវែងជាង៨២៧ម៉ែត្រ។
ជាគម្រោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនិងចាក់បេតុង ដើម្បីធ្វើជាផ្លូវឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានហើយក៏ជាផ្លូវមួយ ដើម្បីងាយស្រួលដាក់គ្រឿងចក្រ ធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះ ឲ្យមានលំហូរទឹកបានល្អហើយ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងបុកស៊ីផាវ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះ៕