(កំពត)៖ កូនស្រីអកត្តញ្ញូម្នាក់ បានសងគុណឪពុកបង្កើតខ្លួនរបស់ខ្លួន ដោយចាក់មួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ខណៈដែលពួកគេ ទាំង២នាក់ បានឈ្លោះប្រកែកគ្នាបន្តិចបន្តួចនៅក្នុងគ្រួសារ។
អំពើហិង្សានៅក្នុងគ្រួសារខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពតថា ជនរងគ្រោះជាឪពុក ឈ្មោះ ជ្រិន បេន អាយុ៥៨ឆ្នាំ រីឯជនល្មើសជាកូនស្រីបង្កើតជាមនុស្ស «គ» ឈ្មោះ ជ្រិន ស្រីនួន អាយុ២៥ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបានបន្ដថា អំពើហិង្សាក្នុងគ្រួសារនេះ កើតឡើងដោយសារទំនាស់ពាក្យសំដីគ្នា រវាងឪពុក និងកូនស្រីបង្កើតទើបធ្វើឲ្យកូនស្រី ផ្ទុះកំហឹង យ៉ាងខ្លាំងឈានទៅយកកូនកាំបិត ចាក់សម្លាប់ឪពុក តែសំណាងល្អគ្រាន់តែរបួសជាទម្ងន់ ចំឆ្នឹងខ្នងបោះដៃផុត។ ក្រោយកើតហេតុភ្លាម ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។ ចំណែកជនល្មើស ត្រូវបានកម្លាំងនគរបាល នាំខ្លួន ទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕