(សៀមរាប)៖ កូនឈើជាង ២ពាន់ដើម ត្រូវបានដាំឡើងវិញនៅក្នុងបុណ្យរុក្ខទិវា ៩កក្កដា នៅខេត្តសៀមរាប។
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក អ៊ាន ឃុន បានក្នុងពិធីដែលរៀបចំនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា បុណ្យរុក្ខទិវានេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ។ ម៉្យាងទៀតព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
លោកបន្ថែមថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនាផងដែរ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់ និងការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើ នឹងកើតភ្លាមចំពោះសង្គមជាតិ។ បុណ្យរុក្ខទិវានេះ ក៏ជាបេសកកម្មមួយប្រកបដោយគុណធម៌របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និងថែរក្សានិរន្តភាពនៃភពផែនដី ឲ្យមនុស្សបានរួចផុតពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនានា។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា ចាប់តាំងពីការពង្រឹងការងារយាមល្បាត និងបង្រ្កាបបទល្មើសព្រៃឈើសត្វព្រៃ តាមបណ្តាសង្កាត់ និងផ្នែករដ្ឋាលព្រៃឈើតាមក្រុង ស្រុក ព្រមទាំងដាក់គោលដៅទាំង១២ក្រុង ស្រុក ក្នុងឆមាសទី១ឆ្នាំ២០២២នេះ បានបង្រ្កាបបទល្មើសព្រៃឈើបាន១៦ករណី ពិន័យអន្តរការណ៍០៨ករណី បញ្ជូនទៅតុលាការ០៨ករណី។ ក្នុងនោះវត្ថុតាងចាប់ឃាត់ទុកមានចំនួន៣៥,៧៣១ម៉ែត្រគូប ធ្យូង៣៩៦ការ៉ុង ស្មើ៧,៩២០គីឡូក្រាម រថយន្ត ០៤គ្រឿង រណាយន្ត១២គ្រឿង និងបញ្ជូនជនសង្ស័យ០៤នាក់ ទៅកាន់សាលាដំបូងផងដែរ។ ក្នុងនោះដែរ សហគមន៍ព្រៃឈើកើនឡើងបាន៦២សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដី ចំនួន៣៤,៤០១ហិកតា និងសហគមន៍ព្រៃឈើបានចុះកិច្ចព្រមព្រៀង បាន ៥៥សហគមន៍ ដែលមានផ្ទៃដី ៣១,៩៩ហិកតា៕