(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ៥០០នាក់ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។
ក្នុងឱកាសនោះ លោក វ៉ា សេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី បានអានសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទៅកាន់សមាជិក-សមាជិកា ប្រមាណ៥០០នាក់ ដោយបានលើកយកប្រវត្តិសង្ខេប នៃការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខ្មែរ» បន្ទាប់មកនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា «គណបក្សប្រជាជនកម្ពុជា»។
លោក ចាន់ នន់វិទ្យា បានថ្លែងថា ចាប់តាំងថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិដោយឈរលើគោលការណ៍ តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ រួមសុខរួមទុក្ខ ប្រមូល ឬកៀរគរកម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ សេរីភាព សន្តិភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ជនជាតិ និងឋានៈ ដើម្បីរួបរួមគ្នា ជាកម្លាំងសាមគ្គីជាតិ យ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី កសាងប្រទេសជាតិ ឯករាជ្យ សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលបានមកពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា ចាប់តាំងពីថ្ងៃបដិសន្ធិគណបក្សប្រជាជនកម្ពុជា បានពុះពារជំនះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មដើម្បីឯករាជ្យ សេរីភាព សុខសន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ ៤៧ឆ្នាំ បានកន្លងមក កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិសង្គ្រាមស៊ីវិលរាំរ៉ៃ ប្រទេសត្រូវបានបែកបាក់ និងបំផ្លាញស្ទើរទាំងស្រុង ទុរគត និងអសន្តិសុខស្បៀង មកជាប្រទេស មានសុខសន្តិភាព ឯករាជ្យ ជាតិ សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋធម្មនុញ្ញ និងធានាបាននូវសន្តិសុខស្បៀងពេញលេញ។
លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង នូវដំណើរការសន្តិភាវូបនីយកម្ម តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលរាំរ៉ៃ បង្កើតបានសុខសន្តិភាព នៅទូទាំងផ្ទៃប្រទេស។
ដោយឡែក លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋស្រុកសង្គមថ្មី ដែលស្រឡាញ់ជឿជាក់គណបក្សប្រជាជនកម្ពុជា ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ។
លោកក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា នៅក្នុងខេត្តព្រះវិហារ នាថ្ងៃខាងមុខ ក្រោមការដឹកនាំរបស់លោក មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ក្នុងទិសដៅរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ជូនសមាជិក ឬសមាជិកាបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តខិតខំកសាង ការពារនិងអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជន ក្នុងអាណត្តិ ២០១៨-២០២៣ និងសម្រេចឲ្យបាននូវគោលដៅ អភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធ ភាព សមធម៌ និងនិរន្តរភាព។
លោក សំ លាងទ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាការពារសុខសន្តិភាព ដែលយើងរកបានដោយលំបាក និងប្រឆាំងចំពោះជនណាដែលមានបំណងបំផ្លាញសុខសន្តិភាពក្នុងប្រទេសរបស់យើង៕