(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះទៅប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ និងបានណែនាំដល់មេឃុំថ្មីនៅឃុំចំណាក្រោមនេះ ត្រូវធ្វើកិច្ចការប្រកបដោយគណនេយ្យភាព តម្លាភាព និងទំនួលខុសត្រូវ មិនត្រូវជិះសេះលែងដៃដាច់ខាត។
លោក សុក ហៃ បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំអាណត្តិទី៥របស់ឃុំចំណាក្រោម ត្រូវសហការជាមួយរដ្ឋបាលស្រុកស្ទោង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសិក្សាលើស្ថានភាពដីនៅតំបន់បីក្នុងឃុំចំណាក្រោមជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលពីយូរមកហើយ ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យគាត់បានអាស្រ័យផលបន្តទៀត។
លោកបានបញ្ជាក់បន្ថែមថា តួអង្គសំខាន់ៗ៥រូប ដែលមានសក្តានុពលក្នុងការផ្តល់សេវាជូនពលរដ្ឋរបស់ខ្លួន ត្រូវរៀបចំឥរិយាបថឱ្យបានល្អប្រសើរ ហើយស្មៀនឃុំពិតជាមានសារសំខាន់ណាស់ក្នុងការជួយឱ្យរដ្ឋបាលឃុំមាននិរន្តរភាព ប្រកបដោយការទទួលខុសត្រូវ កិច្ចសហការ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក សុក ហៃ បានជំរុញដល់មេឃុំថ្មីត្រូវធ្វើបច្ចុប្បន្នភាពអ្នកចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ប្រតិទិនចាក់វ៉ាក់សាំងឱ្យបានជាក់លាក់ និងគ្រប់ភូមិនៅក្នុងឃុំ ដើម្បីចាក់វ៉ាក់សាំងជូនគាត់ឱ្យបានគ្រប់ៗគ្នា ហើយប្រជាពលរដ្ឋត្រូវត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗនេះ៕