(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសំរាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវគោល នយោបាយសេដ្ឋកិច្ច ដ៏ល្បីក្នុងតំបន់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានសហការរៀបចំសិក្ខាសាលា ចែករំលែកលទ្ធផលការសិក្សាស្រាវសេដ្ឋកិច្ច ស្តីពីសក្តានុពលកំណើនវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា និងអាស៊ាន ក្រោយចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនផងដែរ ស្ថិតនៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែក លទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវលើប្រធានបទស្រាវជ្រាវចំនួន៣ ក្រោមកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្សាស្ថានស្រាវជ្រាវ ERIA ដែលរួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចនៅថ្នាក់ខេត្ត ទី២-សេណារីយ៉ូកំណើនសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន និងទី៣-ទំនាក់ទំនងរវាងធាតុចេញ និងធាតុចូលនៅក្នុងរចនាសម្ព័នសេដ្ឋកិច្ចរបស់កម្ពុជា។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ លើប្រធានបទបទទាំងបីនេះ នឹងត្រូវបានប្រើប្រាស់ជាជម្រើស ក្នុងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ លោក វង្សី វិស្សុត មានថ្លែងថា «កម្ពុជាមានការផ្លាស់ប្តូរ ហើយសម្រេចបាននូវលមិទ្ធផលយ៉ាងច្រើននៅក្នុងរយៈពេលជិត២០ឆ្នាំ ចុងក្រោយនេះ។ ការសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងល្បឿនមួយដ៏លឿនប្រមាណជាង៤%ក្នុងមួយឆ្នាំមកនេះ បានជួយផ្លាស់ប្តូរមុខមាត់របស់ប្រទេសកម្ពុជា ពីប្រទេសក្រីក្រមានចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ ទៅថ្ងៃមុខ សេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តមានស្ថានភាពល្អប្រសើរ ហើយនៅតែអាចរក្សាបាននូវចីរភាពនៃកំណើន សម្រាប់រយៈពេលមធ្យមទៅមុខ ទោះបីសេដ្ឋកិច្ចពិភពលោក នៅបន្តមានភាពមិនប្រាដកប្រជា និងមានការថមថយកំណើនក្តី ពិសេសសេដ្ឋកិច្ចរបស់ចិន។ ប្រការនេះបានធ្វើឱ្យធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ចាត់ទុកកម្ពុជាជាសេដ្ឋកិច្ចកូនខ្លាថ្មីមួយនៅអាស៊ី កាលពីពេលថ្មីៗនេះ»។
លោក វង្សី វិស្សុត បានបញ្ជាក់ទៀតថា កម្ពុជាបានធ្វើសមាហកម្មខ្លួន យ៉ាងពេញលេញទៅក្នុង តំបន់ និងពិភពលោក ពិសេសបានចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំយ៉ាងខ្លាំងក្លា តាមការដាក់ចេញនូវវិធានការគោលនយោបាយនានា ដើម្បីទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីចូលរួមនេះ សម្រាប់ប្រទេស, សម្រាប់សេដ្ឋកិច្ច និងសម្រាប់ប្រជាជនរបស់ខ្លួន ពិសេសយុវជន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផ្សាភ្ជាប់ឧស្សាហកម្មកម្ពុជា នៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់និងពិភពលោក។ យើងក៏បានខិតខំយ៉ាងខ្លាំងក្នុងទាក់ទាញ់ការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតការងារ ព្រមទាំងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងការតភ្ជាប់ ពិសេសការអភិវឌ្ឍជំនាញបច្ចេកទេស និងការបន្ថយថ្លៃអគ្គិសនី។ លោកក៏បានលើកឡើងផងដែរថា គំនិតផ្តួចផ្តើមក្នុងតំបន់មួយចំនួន ដូចជា វិថីសូត្រ (Silk Road) និងខ្សែក្រវ៉ាត់មួយ វិថីមួយ (One Belt One Road) របស់ចិនជាដើមនឹងជួយបំពេញឱ្យគ្នាទៅវិញ នៅក្នុងដំណើការ សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងធ្វើការសិក្សាអំពីបច្ច័យរបស់ភាពជាដៃគូអន្តរប៉ាស៊ីភិច (PTT) មកលើសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ៕