(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្មខេត្ត នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធពិធី បុណ្យ «រុក្ខទិវា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ព្រៃឈើក្នុងខេត្ត អង្គការនិងដៃគូអភិវឌ្ឍន៍ យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប ៧៥០នាក់។
ថ្លែងនៅក្នុងឱកាស «បុណ្យរុក្ខទិវា» នេះ លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ការប្រារព្ធបុណ្យរុក្ខទិវានាថ្ងៃនេះ ពិតជារួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។
លោក ស្វាយ សំអ៊ាង ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបណ្តុះគំនិតនៃការស្រឡាញ់ដើមឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា និងចូលរួមដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវរមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងជាប្រយោជន៍ដល់ការរស់នៅផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។
លោក ស្វាយ សំអ៊ាង បានបន្តថា ខេត្តស្ទឹងត្រែង ចាប់ពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០១៩ ខេត្តស្ទឹងត្រែង បានប្រារព្ធបុណ្យរុក្ខទិវារៀងរាល់ឆ្នាំ ដោយបានដាំដើមឈើ និងធ្វើការបណ្តុះកូនឈើចែកចាយជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗយកទៅធ្វើការដាំដុះនៅទីតាំងផ្សេងៗ។ ជាអកុសលនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការ រាលត្បាតជាសកលនៃជំងឺកូវីដ១៩ បុណ្យរុក្ខទិវាត្រូវបានផ្អាករៀបចំ ទើបតែក្នុងឆ្នាំនេះ រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំឡើងវិញ។
បើតាមការបញ្ជាក់ពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យ «រុក្ខទិវា» ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យកទីតាំងនៅបរិវេណរមណីយដ្ឋានសហគមន៍ព្រៃភ្នំឈ្ញោក ក្នុងភូមិសាស្រ្តភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធពិធីដាំដើមឈើ និងចែកដើមឈើរួមមាន៖ ដើមក្រញ៉ូងចំនួន ៥០០ដើម, បេងចំនួន ១៨០ដើម ក្ងោក៣០០ដើម និងស្វាយកែវរមៀត ១០០ដើម សរុបទាំងអស់១,០៨០ដើម ។ ក្រៅពីនេះខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានប្រគេនកូនឈើដល់ព្រះសង្ឃ និងចែកកូនឈើដល់សហគមន៍ សាលារៀន និងប្រជាពលរដ្ឋ ៥ ០០០ ដើម្បីធ្វើការដាំដុះផងដែរ៕