(ភ្នំពេញ)៖ គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្ស ១០នាក់ និងបណ្តាលឲ្យរងរបួស ៩នាក់ផងដែរ ក្នុងខែមិថុនា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេល ១ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន ១៣លើក នៅមូលដ្ឋានខេត្តចំនួន៩ បណ្តាលឱ្យមនុស្សស្លាប់ ១០នាក់ (ស្រី៥) របួស០៩នាក់ និងងាប់គោក្របី ១៦ក្បាល»។
បើតាមរបាយការណ៍ដដែល រយៈពេល ១ខែនេះដែរ មានការករណីខ្យល់កន្ត្រាក់ បានកើតមានចំនួន ៣១លើក នៅរាជធានីខេត្តចំនួន១៨ បង្កការប៉ះពាល់ និងខូចខាត៖ ផ្ទះរលំ និងខូចធ្ងន់ធ្ងរ ១៤៨ខ្នង ផ្ទះរបើកដំបូល និងខូចមធ្យម ៥៨៥ខ្នង ដើមឈើរលំបាក់ ១២ដើម ប៉ះពាល់ប្រាសាទបេងមាលា ដួលរលំដំបូលទីលានបាល់ទាត់ ១កន្លែង បាក់បង្គោលភ្លើង១ បង្គោលអង់តែនទូរស័ព្ទ១ ដួលរលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម១ របើកដំបូលការិយាល័យអាវុធហត្ថ ១កន្លែង រលំដើមឈើសង្កត់រថយន្ត ៣គ្រឿង ដួលរលំរោងចញ្ចឹមមាន់១ និងតូបលក់ដូរ២ និងរបួស១២នាក់៕