(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់ឃ្លាំងជួសជុលមួយកន្លែង បណ្ដាលឲ្យឆេះរថយន្តអស់ចំនួន៣គ្រឿង នៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់លេខទូរស័ព្ទ Hotline របស់យើង ភ្លាមៗនោះលោកក៏បានបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗ។
លោកនាយការិយាល័យ បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់២២ឡាន ស្មើរនឹង៨៨ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៦គ្រឿង មិនបានប្រេីប្រាស់ទឹក, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានអះអាងថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះរថយន្តចំនួន ៣គ្រឿងអស់ទាំងស្រុង ម៉ាកធុនត្រា ១គ្រឿង, ម៉ាក ឡិចស៊ីស NX200T ១គ្រឿង និងម៉ាក CRV ១គ្រឿង។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺដោយសារតែការឆ្លងចរន្តអគ្គីសនី បង្កជាអគ្គិភ័យ៕