(ព្រះសីហនុ)៖ ដើម្បីរឹតចំណងមិត្តភាពជាមួយអតីតមិត្តរួមជំនាន់សិក្សា និងរំលឹកអនុស្សាវរីយ៍កាលនៅវ័យសិក្សាផងនោះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានកៀរគរអតីតមិត្តភក្តិរួមជំនាន់សិក្សាជាមួយគ្នានៅខេត្តកំពង់ធំ ឆ្នាំ១៩៨២-១៩៨៥ គឺ «ក្រុមនារីអមតៈ» ជាង៧០នាក់ ធ្វើដំណើរទៅកម្សាន្តនៅខេត្តព្រះសីហនុ ស្ដែងឱ្យឃើញបរិយាកាសសប្បាយរីករាយ។
ដំណើរកម្សាន្តជាមួយមិត្តភក្តិរួមជំនាន់ «ក្រុមនារីអមតៈ»នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែកក្កដា ឆ្នាំ២០២២ ដោយធ្វើដំណើរចេញពីខេត្តកំពង់ធំឆ្ពោះទៅកាន់កន្លែងកម្សាន្តនានានៅខេត្តព្រះសីហនុ ដូចជា រង្វង់មូលព្រះថោងតោងស្បៃនាងនាគ ខ្មែរធ្វើបាន ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ឆ្នេររាម ឆ្នេរមាសឆ្នេរប្រាក់ កោះរាជបុត្រជាដើម។
លោកស្រី ឃួន ឃុនឌី ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង នៅពេលបានជួបជុំអតីតមិត្តសិក្សារួមជំនាន់យ៉ាងដូច្នេះ លោកស្រីបានបញ្ជាក់ថាការរៀបចំដំណើរកម្សាន្តនេះគឺដើម្បីរំលឹកអនុស្សាវរីយ៍កាលនៅសិក្សាផង និងដើម្បីរឹតចំណងមិត្តភាពជាមួយមិត្តសិក្សារួមជំនាន់ផង បន្ទាប់ពីបញ្ចប់ការសិក្សានៅខេត្តកំពង់ធំជិត៣០ឆ្នាំមកហើយនោះ និងចង់បង្ហាញដល់យុវវ័យ ក៏ដូចជាសិស្សប្អូនទាំងអស់ឲ្យប្រកាន់នូវភាពស្មោះត្រង់ ក្តីស្រឡាញ់ឲ្យបានច្រើន ចេះចែករំលែកមេត្តាករុណាចំពោះមិត្តភក្តិ ក៏ដូចជាមនុស្សគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
នាឱកាសនោះដែរ លោកស្រី ឃួន ឃុនឌី បានលើកទឹកចិត្តដល់អតីតមិត្តរួមជំនាន់ឱ្យបង្កើនការរាប់អាន រឹតចំណងទំនាក់ទំនងមិត្តភាពឡើងវិញ ប្រសិនបើអ្នកណាមានបញ្ហាក្នុងជីវភាព ឬបញ្ហាណាមួយ សូមទំនាក់ទំនងជួយគ្នា ទៅវិញទៅមក ហើយក្រុមនារីអមតៈនេះធ្លាប់បានជួយសង្គ្រោះដល់មិត្តរួមជំនាន់ដែលបានឆេះផ្ទះ និងបានកសាងនូវសមិទ្ធផលនានាជាមួយរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
បរិយាកាសនៃដំណើរកម្សាន្តនេះគឺពោរពេញដោយភាពសប្បាយរីករាយ ដែលអាចជាគំរូល្អមួយសម្រាប់សិស្សានុសិស្ស ក៏ដូចជាអតីតមិត្តសិក្សារួមជំនាន់ផ្សេងទៀត ដើម្បីរួមគ្នារឹតចំណងមិត្តភាព បន្តការស្រលាញ់រាប់អានគ្នា និងរំលឹកអនុស្សាវរីយ៍ល្អៗកាលនៅសិក្សា។
គួរជម្រាបថា លោកស្រី ឃួន ឃុនឌី គឺជាអតីតសិស្សដែលធ្លាប់សិក្សារៀនសូត្រនៅវិទ្យាល័យកំពង់ធំ ហើយនាពេលបច្ចុប្បន្នលោកស្រីបានក្លាយជាសមាជិកព្រឹទ្ធសភាមួយរូបប្រចាំនៅមណ្ឌលខេត្តកំពង់ធំផងដែរ៕