(កណ្ដាល)៖ ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ អាណត្ដិទី៥ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានប្រាប់ឲ្យតួអង្គសំខាន់ចំនួន៥ នៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈនានា ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋរបស់ខ្លួនឲ្យអស់ពីសមត្ថភាព។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖
*ទី១៖ មេឃុំ ចៅសង្កាត់
*ទី២៖ ស្មៀនឃុំ សង្កាត់
*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
*ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
*ទី៥៖ មេភូមិ។ ដូច្នេះសូមឲ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ថ្មីៗនេះប្រទេសកម្ពុជាបានរកឃើញការឆ្លងឡើងវិញនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល៥២ថ្ងៃជាប់ៗគ្នា ដែលប្រទេសកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩។ ដូច្នេះអាជ្ញាធរឃុំ សង្កាត់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំ និងត្រូវខិតខំណែនាំ និងជំរុញប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍។
ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សាសង្កាត់ដែលទើបជាប់ឆ្នោតថ្មី ត្រូវយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះដែរ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅបានឡើងប្ដេជ្ញាចិត្តចំពោះការបំរើពលរដ្ឋក្នុងសង្កាត់តាខ្មៅ ឲ្យសក្ដិសមជាអ្នកបំរើរាស្ត្រ និងសម្រួលរាល់ការលំបាកនានារបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពជា៕