(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក គួច ចំរើន បានឯកភាពដាក់កម្មវិធី ដើម្បីដោះស្រាយបញ្ហាវិវាទការសាងសង់ ការបញ្ចប់កិច្ចសន្យាសាងសង់ នៃក្រុមហ៊ុនបុរី VIP ជាមួយប្រជាពលរដ្ឋដែលជាអតិថិជន និងបានបើកឱកាសឲ្យភាគីតំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន លើកឡើងជាមតិយោបល់ ដើម្បីធ្វើការដោះស្រាយ។
កិច្ចប្រជុំជជែកគ្នាយ៉ាងផុសផលដោយមានការសម្របសម្រួលយ៉ាងល្អពីសំណាក លោក គួច ចំរើន រហូតបើកផ្លូវឲ្យតំណាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក (ក្រុមហ៊ុន បុរី VIP) បង្កើតនូវកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីឈានទៅរកការបញ្ចប់វិវាទទិញលក់ «ផ្ទះល្វែង/វីឡា» បុរី VIP នៅស្រុកព្រៃនប់។
ក្នុងកិច្ចប្រជុំនាពេលនេះ ភាគីទាំងសងខាងបានឯកភាពព្រមព្រៀងគ្នាគោរព និងអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
*ទី១៖ ភាគីក្រុមហ៊ុនបុរី VIP ធានាអះអាងនឹងចាប់ផ្តើមបន្តការសាងសង់ផ្ទះជូនអតិថិជនឲ្យបានរួចរាល់ ក្នុងរយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២តទៅ។ ក្នុងករណី ក្រុមហ៊ុនបុរី VIP មិនអាចសាងសង់ទាន់ពេលវេលាដូចការធានាអះអាងខាងលើនេះទេ ក្រុមហ៊ុនបុរី VIP យល់ព្រមបង់ការប្រាក់ ជូនអតិថិជន១ភាគរយ ក្នុងមួយខែ នៃទឹកប្រាក់ដែលអតិថិជនបានបង់ជូនទៅក្រុមហ៊ុនជាក់ស្តែង ក្នុងនោះក្រុមហ៊ុនយល់ព្រមរៀបចំយន្តការ នៃការទូទាត់សងការប្រាក់ជូនទៅអតិថិជន នៅស្នាក់ការលក់ផ្ទះរបស់ក្រុមហ៊ុន បុរី VIP នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
*ទី២៖ ភាគីក្រុមហ៊ុនបុរី VIP នឹងប្រគល់ប័ណ្ណកម្មសិទ្ធិ រួមទាំងឯកសារផ្ទេរកម្មសិទ្ធិជូនទៅអតិថិជនណាដែលបានបង់ប្រាក់គ្រប់ចំនួន១០០% តាមកិច្ចសន្យា ក្នុងរយៈពេល០៨ខែ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២តទៅ។
*ទី៣៖ ភាគីទាំងសងខាងយល់ព្រមជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានការអនុវត្តការងារសាងសង់របស់ក្រុមហ៊ុនបុរី VIP។
*ទី៤៖ ភាគីក្រុមហ៊ុនបុរី VIP ត្រូវបន្តការសាងសង់សំណង់ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងអនុញ្ញាតឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យវាយតម្លៃពីវឌ្ឍនភាព នៃសំណង់ នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២២ ដើម្បីឲ្យអតិថិជនបន្តការបង់ប្រាក់ជូនបុរី តាមការឯកភាពជារួមរវាងក្រុមហ៊ុនបុរី VIP, អតិថិជន និងក្រុមការងាររដ្ឋបាលខេត្ត។
*ទី៥៖ ចំពោះអតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ចំនួន ត្រូវបន្តបង់ប្រាក់តាមកិច្ចសន្យានៅពេលដែលក្រុមហ៊ុនបុរី VIP សាងសង់សំណង់សម្រេចបាន តាមសមាមាត្រនៃទំហំទឹកប្រាក់ដែលអតិថិជនបានបង់ (តាមការវាយតម្លៃរបស់មន្ត្រីជំនាញ)។
*ទី៦៖ ភាគីក្រុមហ៊ុនបុរី VIP និងភាគីអតិថិជនយល់ព្រមអនុវត្តតាមការព្រមព្រៀងខាងលើ ក្នុងករណីភាគីណាមួយមិនអនុវត្តតាមការព្រមព្រៀងខាងលើនេះ ភាគីនោះសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់៕