(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្នុងការដោះស្រាយបញ្ហមីន នៅទូទាំងប្រទេសកម្ពុជា។
ការប្រកាសគាំទ្របែបនេះរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ២០០៧-២០២២ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណជូនពរជ័យពីថ្នាក់ដឹកនាំជាតិជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនអតីតយុទ្ធជន គ្រួសារអតីយុទ្ធជន ពលីមរណៈ ជនពិការដោយសារសង្រ្គាម កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ និងសុភមង្គលនៅក្រោមដំបូលនៃសន្តិភាព។
ក្នុងនាមប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានគោរពថ្លែងអំណរគុណយ៉ាងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជោគជ័យសង្គ្រោះជីវិតប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយជំងឺកូវីដ១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា និងពលរដ្ឋបរទេសនៅកម្ពុជា និងបន្តចាក់ដូសជំរុញដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ ជំនឿ សាសនា ពណ៌សំបុរ និងនិន្នាការនយោបាយឡេីយ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា កម្ពុជាបានហែលឆ្លងកាត់នូវដំណាក់កាលដ៏ជូរចត់នៃមហាវិនាសកម្មសង្រ្តាមរបបប៉ុលពតប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រទេសបានទទួលរងនូវការបំផ្លាញ ខ្ទេចខ្ទីគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងធនធានមនុស្ស មិនត្រឹមតែប៉ុណ្ណោះបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការនិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណជាច្រើន។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលតែងតែបានចូលរួមចំណែកដឹកនាំសមាគមអតីតយុទ្ធជនឱ្យបំពេញការងារពង្រឹងពង្រីកបាននៅតួនាទីអតីតយុទ្ធជន កែលម្អបាននូវជីវភាពរស់នៅ ពង្រឹងសាមគ្គីភាពជាធ្លុងមួយ បង្កើនស្មារតីជួយគ្នាទៅវិញទៅមក ពិសេសក្នុងគ្រាលំបាកជួបគ្រោះថ្នាក់ ឬទទួលមរណភាពជាដើម។
ក្នុងពិធីនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនអតីតយុទ្ធជនចូលរួម ៥០០នាក់ ក្នុង១នាក់ៗ ទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥ម៉ឺនរៀល, ឧបត្ថម្ភគ្រួសារមរណៈ និងពលី ១,៦៨៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ៥ម៉ឺនរៀល, អតីតយុទ្ធជនទូទៅទូទាំងខេត្តបន្ទាយមានជ័យចំនួន ៤,៦៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។ សរុបថវិកា ២៤០,៤៥០,០០០រៀល៕