(ពោធិ៍សាត់)៖ បុរសពីរនាក់ ក្នុងនោះម្នាក់ជាប្រជាការពារភូមិ ត្រូវបានសត្វខ្លាឃ្មុំទះ និងចាប់ហែកបណ្តាលឱ្យរងរបួសធ្ងន់ ខណៈកំពុងធ្វើដំណើរចេញទៅដួសត្រីកណ្តាលព្រៃ ស្រាប់តែប្រទះឃើញសត្វខ្លាឃ្មុំ នៅកណ្តាលផ្លូវ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១២៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ជនរងគ្រោះ ដែលត្រូវខ្លាឃ្មុំទះ និងចាប់ហែកនោះ មានឈ្មោះ៖
*ទី១៖ ឈ្មោះ ងុយ ងឿន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារភូមិ (រងរបួសធ្ងន់)
*ទី២៖ ឈ្មោះ ភី ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ទាំងពីរនាក់រស់នៅចំណុចឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។
ប្រភពបានបន្ថែមថា មូលហេតុ ដែលមានករណីខាងលើនេះ គឺដោយសារជនរងគ្រោះទាំងពីរនាក់ ចេញទៅដួសត្រីនៅចំណុចឆាយបីជាន់ ពេលកំពុងតែធ្វើដំណើរស្រាប់តែប្រទះជួបសត្វខ្លាឃ្មុំ នៅកណ្តាលផ្លូវតែម្តង។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិចឯកជន ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕