(ភ្នំពេញ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ ខណៈដែលយាយតា២នាក់ប្តីប្រពន្ធ ត្រូវបានចោរលួច យកម៉ូតទៅបាត់ បន្ទាប់ពីពួកគាត់បញ្ឈរទុកចោល មុខផ្ទះប្រមាណ១០នាទីប៉ុណ្ណោះ ដើម្បីចូលបន្ទប់ទឹកនៅក្នុងផ្ទះ របស់ពួកគាត់ ស្ថិតនៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ម៉ូតូដែលត្រូវបានចោរលួចនោះ ម៉ាក Honda Scoopy ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AS-99០០។ តាយាយម្ចាស់ម៉ូតូបានឱ្យ ដឹងថា មុនពេលកើតហេតុ ពួកគាត់ពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូឌុបគ្នាមកផ្ទះវិញ នៅចំណុចកើតហេតុខាងលើ ហើយពេលមកដល់ផ្ទះ បានចាក់សោកម៉ូតូបញ្ឈរចោលដូចរាល់ដង តែមិនបានដកសោចេញពីម៉ូតូទេ ព្រោះគិ តថាចូលបន្ទប់ទឹកមួយភ្លែតនឹងចេញទៅ ក្រៅវិញហើយ ប៉ុន្តែពេលចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ បង្កការភ្ញាក់ផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។
ប្រជាពលរដ្ឋនៅក្បែនោះ បាននិយាយថា ដំបូងគេឃើញមានបុរស២នាក់ បានជិះម៉ូតូមួយគ្រឿង មកឈប់នៅក្បែនោះតែដោយមិន បានចាប់អារម្មណ៍ ស្មានតែអ្នកធ្វើដំណើរធម្មតា ក្រោយពីមានការឆោឡោ ទើបដឹងថា២នាក់នោះ ជាចោរសោះ។ ក្រោយពីមានការ ឆោឡោឡើង ក៏មានប្រជាពលរដ្ឋខ្លះ បាននិយាយទៀតថា គេបានឃើញបុរសម្នាក់ ដែលជាចោរជិះម៉ូតូជនរងគ្រោះនោះបានជិះម៉ូតូ ឆ្ពោះទៅផ្លូវវ៉េងស្រេង។
ទន្ទឹមគ្នានេះ តាមការឆែកពីកាម៉ារ៉ាសុវត្ថិភាព របស់ម្ចាស់ផ្ទះ បានឲ្យដឹងថា សកម្មភាពនៃការលួចម៉ូតូនេះ គឺក្រុមចោរមានគ្នាពីរនាក់ ជិះម៉ូតូម៉ាកនិច និងម្នាក់ពាក់អាវក្រហម រីឯម្នាក់ទៀតពាក់អាវពណ៌បៃតង ស្លៀកខោខាវប៊យ ពាក់មួយសុវត្ថិភាពបានចុះទៅកាច់សោ យកម៉ូតូជនរងគ្រោះ ចេញទៅដោយសុវត្ថិភាព។ យ៉ាងណាមិញក្រោយពីកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យភ្លាម ហើយនគរបាល ក៏កំពុងចាត់វិធានការតាមពាក្យបណ្ដឹង ដើម្បីស្វែងរកជនល្មើសផងដែរ៕