(ភ្នំពេញ)៖ នៅសល់រយៈពេលជាងកន្លះខែទៀត ទិវារត់ប្រណាំងពាក់កណ្ដាម៉ារ៉ាតុងភ្នំពេញអន្ដរជាតិ លើកទី៦ ឆ្នាំ២០១៦ នឹងចាប់ផ្ដើមហើយ ពោលគឺនៅថ្ងៃទី១២ ខែមិថុនាខាងមុខ ប៉ុន្ដែចំនួនអ្នកចុះឈ្មោះចូលរួមឆ្នាំនេះ ហាក់មានភាពតានតឹងជាងឆ្នាំមុនៗ ។ ដោយហេតុនេះគណៈកម្មការបានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរ និងបរទេស រុសរាន់មកចុះឈ្មោះឲ្យបានទាន់ពេល ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៦ នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ លោក សែម ផល្លា មន្ដ្រីគណៈកម្មការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ បានបញ្ជាក់ថា មកទល់នឹងពេលនេះ គណៈកម្មការទើបទទួលពាក្យអ្នកចុះឈ្មោះចូលរួមជាង ១,០០០នាក់ប៉ុណ្ណោះ ក្នុងនោះមានបរទេសជាង ១៥០នាក់ ប៉ុន្ដែចំនួននេះ ហាក់តានតឹងបន្ដិច បើប្រៀបធៀបកាលពីឆ្នាំមុន។
លោកបន្ដថា ទោះបីជាយ៉ាងណាគណៈកម្មការនៅតែមានជំនឿចិត្ត នឹងមានអ្នកចូលរួមមិនក្រោម ៤ពាន់នាក់ឡើយ ទម្រាំដល់ថ្ងៃប្រកួតផ្លូវការ ដោយសារអត្តពលិកភាគច្រើន ទាល់តែគៀកថ្ងៃប្រកួតទើបពួកគេមកចុះឈ្មោះ ។ ប៉ុន្ដែគណៈកម្មការបានអំពាវនាវឲ្យអត្តពលិកទាំងជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមមេត្ដាចុះឈ្មោះឲ្យបានលឿន ដើម្បីរៀបចំបច្ចេកទេសប្រកួតឲ្យបានល្អប្រសើរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈអន្ដរជាតិខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណង ៤សំខាន់ៗ គឺរត់ដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងរត់ដើម្បីអបអរថ្ងៃកំណើតអូឡាំពិក ខួបលើកទី១២២, រត់ដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្រគន្ធបុប្ឋា និងរត់ដើម្បីទីក្រុងស្អាត។
លោកបន្ដថា នេះជាលើកទី៦ ហើយ ដែល NOCC សហការជាមួយក្រុមហ៊ុនឯកជន រៀបចំព្រឹត្តិការណ៍នេះ ដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ។ អ្វីដែលសំខាន់មួយទៀត គឺជារៀងរាល់ឆ្នាំ គណៈកម្មការតែងតែនាំយកថវិកាទទួលបានពីរៀបចំព្រឹត្តិការណ៍នេះ ទៅជួយដល់មន្ទីរពេទ្រគន្ធបុប្ឋា ហើយឆ្នាំនេះ NOCC បានត្រៀមថវិកា ៥ពាន់ដុល្លារជាស្រេច សម្រាប់ជួយមន្ទីរពេទ្យកុមារនេះ។
ជាមួយគ្នានេះលោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសគឺប្រជាជនខ្មែរ ចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើន ព្រោះការរៀបចំទិវារត់ប្រណាំងនេះ មិនត្រឹមតែធ្វើឲ្យអ្នកចូលរួមទទួលបានសុខភាពល្អនោះទេ គឺថែមទាំងបានរួមចំណែកជួយដល់សង្គមទៀតផង ។ អ្វីដែលពិសេសឆ្នាំនេះ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទ័ពជើងគោក ក៏ត្រៀមនឹងដឹកនាំកូនទាហានជាច្រើនមកចូលរួមរត់កម្សាន្ដផងដែរ។
គួរបញ្ជាក់ផងដែរថា ការទទួលពាក្យចូលរួមនឹងបន្ដរហូតដល់ថ្ងៃរៀបចំកម្មវិធី ដោយតម្លៃចុះឈ្មោះ សម្រាប់បរទេសរត់ចម្ងាយ ២១គីឡូម៉ែត្របង់ ៤០ដុល្លារ និងខ្មែរបង់ ១៥ដុល្លារ ។ បរទេសរត់ចម្ងាយ ១០គីឡូម៉ែត្របង់ ៣០ដុល្លារ និងខ្មែរបង់ ១០ដុល្លារ រួមទាំងវិញ្ញាសារត់កម្សាន្ដ ៣គីឡូម៉ែត្របរទេសបង់ ១០ដុល្លារ និងខ្មែរបង់ ៥ដុល្លារ៕