(ភ្នំពេញ)៖ ស្ដាប់ភរិយាវ័យក្មេងរបស់បុរសដែលត្រូវគ្រូពេទ្យនៅគ្លីនិកឃឹម រ៉ានី ចាក់ថ្នាំបណ្ដាលឲ្យស្លាប់រៀបរាប់ពីទុក្ខសោក និងរំលឹកពីអនុស្សាវរីយ៍ប្រវត្តិស្នេហារបស់ពួកគេ ដែលទើបរៀបការបាន១ខែពិតជាជួបរឿងជូរចត់ បន្ទាប់មកផ្អែមល្ហែម និងចុងក្រោយជួបទុក្ខសោក ដែលមិនអាចថ្លាថ្លែងអស់នូវពេលដែលរូបគេបាត់បង់មិត្ត១០០ឆ្នាំដែលទើបនឹងចាប់ដៃគ្នាកសាងអនាគតជីវិតបានតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ មិនខុសពីពុំនោលក្នុងរឿងរ៉ាវស្នេហាមួយ «..យើងស្រឡាញ់គ្នា ហេតុអ្វីមានអ្នកបំបែក..ចុងក្រោយយើងជួបគ្នាហើយ តែហេតុអ្វីក៏ព្រាត់..?»។
ខាងក្រោមនេះជាខ្លឹមសារបង្ហោះតាម Facebook ផ្ទាល់ខ្លួនរៀបរាប់របស់ប្អូនស្រី សុខ រដ្ឋមុនី ភរិយាវ័យក្មេងរបស់លោក ឡាំ តៅគង់ វ័យ២៨ឆ្នាំដូចគ្នា ដែលត្រូវបានគ្រូពេទ្យនៅគ្លីនិក ឃឹម រ៉ានី ចាក់ថ្នាំបណ្ដាលឲ្យស្លាប់កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ បន្ទាប់ពីរូបគេមានអការៈឈឺខ្នង ដែលមានអត្ថន័យគួរអោយរន្ធត់ និងដ៏គួរឲ្យសង្វែកមិនអាចថ្លាថ្លែងអស់៖
«បងអត់ចូលចិត្តថតរូបទេ តែបងចូលចិត្តថតជាមួយអូន ហេីយចូលចិត្តហៅអូន Selfie។ អូនចេះតែថា មុខកំពុងអាក្រក់មេីល ថតអត់ស្អាត ហេីយក៏មិនព្រមអោយថត។ បងថាប្រពន្ធបងស្អាតជានិច្ច អួតប្រពន្ធរហូត មុខម៉េចក៏បងស្រលាញ់ ស្អុយញេីសក៏មកថេីបហេីយថាក្រអូបណាស់។ អូនចង់បានអី ចង់ញាុំអី ចង់ទៅណា ចាំបង សារ៉េអោយ ដេីម្បីអូន ដេីម្បីប្រពន្ធបង។ អត់បាច់ខ្វល់នរណាទេ មានបងនៅក្បែរ បងការពារអូន មានអីមិនសប្បាយចិត្តប្រាប់បងភ្លាម ហេីយម្សិលមិញអោយសន្យា ហាមយំ តែអូនអត់សន្យាទេ បងក៏ថា កាអុីង ស្តាប់បង បងការអូនមក មិនចង់ឃេីញប្រពន្ធបងដេកយំចឹងទេ។ បងចង់ឃេីញអូនញញឹម។ រាល់ដង ម៉ោងស្មេីនេះ បងជូនអូនដល់ស្ថានីយ បេីមិនញាុំគុយទាវជាមួយគ្នា ក៏បងឆៀងចូលទិញអី១ប្រអប់ដែរ។ ជួបមុខគឺ ញាុំអីនៅ ឃ្លានអត់ ហត់អត់ ផឹកទឹកដោះគោហេីយនៅ អស់ទឹកដោះគោនៅ បងចូលទៅទិញក្លាស្សេអោយទៀត។ បងថ្នមអូន ស្រលាញ់អូនរហូត ហេីយប្រាប់អូនរហូតថា បងស្រលាញ់អូនណាស់។ បងជាមនុស្សម្នាក់សាមញ្ញ មិនចូលចិត្តមាត់កច្រេីន មិនសូវចេះលេង មិនចេះទ្រ មិនដែលខ្វល់ពីនរណា តែចំពោះអូន គឺមានតែអូនប៉ុណ្ណោះ បងថាស្តាយដែលអូនទេីបស្រលាញ់ហេីយព្រមការឆ្នាំនេះ ខាតពេលបងអស់១ឆ្នាំហេីយ។ បងពិបាកណាស់ទម្រាំធ្វេីអោយអូនស្រលាញ់ អូនធ្វេីបាបបងយូរហេីយ។ អូនសុំទោសណា។ យេីងចាប់ផ្តេីមជាមួយគ្នា ក៏ជួបការរារាំង តែបងថា បងមានវិធី អោយតែអូនថា អូខេកាន់ដៃគ្នាទៅមុខ គឺកុំភ័យ យ៉ាងណាក៏បងមិនចោលអូនដែរ។ យ៉ាងច្រេីនទៅនៅក្រៅ២នាក់ ហេីយបងសេីច។ និយាយទៅ យេីងប្រឈមរឿងច្រេីន ហេីយក៏មានតែប្តីប្រពន្ធយេីងដឹងសុខទុក្ខគ្នា។ ហេតុអី ពេលដែលបាននៅក្បែរគ្នា ពេលដែលមានក្តីសុខ មានពេលខ្លីយ៉ាងនេះ? គ្រប់គ្នា នរណាក៏ថា អូនបានប្តីល្អ ស្លូត ស្រលាញ់ការពារប្រពន្ធ អូនអត់ទាន់សរសេីរបញ្ជោបងផង បងទៅបាត់។ ថេីបបង១មុនទៅធ្វេីការ បេីមិនបានថេីប បងអត់អស់ចិត្តទេ។ ពេលខ្លះអូនអត់ថេីបបង ក៏បងយកថ្ពាល់មកអោយអូនថេីបដែរ ហេីយហៅអូន កាអុីង យ៉ាប់ហា។ បងទំលាប់អូនធ្លាប់ហេីយ ឥលូវនៅសល់អីទៀត?»។
«ទើបតែការហើយ ទើបតែនិយាយគ្នាថា គ្រប់១ខែចាំបងនាំអូនដើរលេង ចង់ទៅណាបងជូនទៅ អូនប្រាប់បងថា រវល់ចឹងចាំយប់ថ្ងៃនោះ ទៅស្រូបខ្យល់នៅ Le moon បានហើយ! បងក៏ថាអូខេ។ ព្រឹកឡើងទៅញាុំអី ប្រាប់ថាចាំទិញអីផ្ញើរ អូនចង់បាយឬគុយទាវ ផ្តាំអូនកុំធ្វើការធ្ងន់ ថែខ្លួនដឹងនៅ? ខ្លាចអូនហត់ខ្លាចអូនឈឺ សប្បាយៗចិត្ត ម៉ោងជិត៨បងមកយកទៅស្ថានីយណាប្រពន្ធសំលាញ់។ ស្រណោះត្រង់កំពុងមិនស្រួលខ្លួនហើយ ឆ្លៀតអោយគេខ្ចប់បាយទុកអោយប្រពន្ធ។ ស្រាប់តែម៉ោង៧៖៤៣ តេមកប្រាប់ប្រពន្ធថា បងទៅអត់កើតទេ ឈឺខ្នងបើកឡានអត់រួច ឥលូវនៅគ្លីនិក ឃឹមរ៉ានី ជិះមកឃើញឡានបងហើយ. ខ្ញុំដើរជិតដល់ក្រៅទើបរកបានម៉ូតូឌុបជិះ ប្រហែលជាង១០នាទីមកដល់គ្លីនិកភ្លាម ៨៖០២ តេទៅប្តីសួរបងទៅណាហើយ អត់ឃើញឡានចឹង នៅក្នុងអត់? តែអ្នកលើកទូរស័ព្ទថា គង់(ឡាំ តៅគង់)គេបញ្ជូនទៅកាល់ម៉ែតហើយដាច់ខ្យល់ហើយ។ សួរថាជឿអត់ ទើបតេប្រាប់ប្រពន្ធអោយមកមើលសោះ ហើយក៏មិនដែលឈឺអីទាក់ទងបេះដូង ចូលគ្លីនិក គេអត់ប្រាប់ថាឈឺអីផងចាក់អស់២ម្ជុល ត្រឹមតែ៣-៤នាទីមនុស្សក៏ប្រកាច់បែកពពុះមាត់ ហើយគេក៏អោយឡានពេទ្យគេដឹកចេញភ្លាម ហើយមិនអោយយើងអង្គុយខាងក្រោយទៀត មកដល់កាល់ម៉ែត គេថាផុតដង្ហើមមុនមកដល់។ សួរថា ស្លាប់ពីណា? សពអាចស្លាប់តាំងពីពេលនោះម៉្លេះ គឺបន្លំដឹកចេញភ្លាម។ អយុត្តិធម៌អត់ ពេលមើលអត់មានថាឈឺអីទេ ហើយក៏មិនដឹងចាក់ថ្នាំអីអោយ ហើយឥឡូវខំមិនការពារខ្លួនថាមកដល់សពមានជម្ងឺបេះដូង។ ខំជួយហើយតែសួរថាអ្នកផ្តិតមេដៃអោយចាក់ថ្នាំនោះជានរណា? គាត់អត់ត្រូវជាសាច់ញាតិទេ ហេតុអីក៏អូខេអោយចាក់ វាត្រូវអត់? មានតេសួរខ្ញុំអត់?
នៅកាល់ម៉ែតគេល្បីណាស់ ឈ្មោះគ្លីនិកឃឹមរ៉ានីល្បីខាងសុីទាំងរស់ ហើយចាក់គេស្លាប់ញយ. សូម្បីយាយជីក៏ថាស្គាល់ហើយអាគ្លីនិកហ្នឹង អាណាមិនល្បី ទៅទីណាលឺតែឈ្មោះពេទ្យនេះ មួយៗក្តៅក្រហាយ ហើយល្បីដូចៗគ្នាចឹង ល្បីខាងប្តឹង ហើយធ្វើអីវាមិនកើត ខ្នងក្រាស់ តើខ្នងខាងណា សាហាវម៉្លេះ? អាងអំនាច? ប្រមាថជីវិតគេ? បន្តចឹងទៀតឬ? ស្រណោះអត់ ទើប២៨ឆ្នាំ គេថាគាំងបេះដូង? ទើបឈឺខ្នងសោះ អត់ដែលចុកបេះដូងម្តងណាទេ......ហេតុអីលទ្ធផលចេញបែបនេះ?
នាងខ្ញុំសូមជូនដំណឹងមរណភាពនេះទៅញាតិមិត្តជិតឆ្ងាយ។ សពដំកល់នៅផ្ទះលេខ៥២c, ផ្លូវ២០៩, ស្ថិតក្នុងបុរីវិមានភ្នំពេញ ម្តុំផ្លូវជាសុផារ៉ា។ ហែលថ្ងៃ២៦ ខែ៥ វេលាម៉ោង៧
ព្រឹក ឆុងនឹងឆ្នាំខាល និង ច។ បញ្ចុះឆុងឆ្នាំខាល និង កុរ។ យុត្តិធម៌អាចមានទេ? សូមជួយshareបន្តផង! សូមអរគុណ!»៕