(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសន្យាថានឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ខណៈរដ្ឋាភិបាលចិន បានសន្យាថានឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា ដោយគាំទ្រស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ជំហរនេះបានបង្ហាញឡើងក្នុងជំនួបទ្វេភាគី រវាងឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសរដ្ឋមន្ត្រីការបរទេសទាំងពីរ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា។
ប្រមុខការទូតទាំងពីរ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៉ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅចំណុចខ្ពស់បំផុតនៃការទូត។ ភាគីទាំងពីរ ក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។
សេចក្តីរាយការណ៍របស់សារព័ត៌មានចិនស៉ីនហួរ បានបញ្ជាក់យ៉ាងដូច្នេះ «លោក ប្រាក់ សុខុន បានពណ៌នាអំពីភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីថារឹងមាំ ហើយកម្ពុជានឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និងគាំទ្រជំហររបស់ចិនលើបញ្ហាទាក់ទងនឹងតៃវ៉ាន់ ហុងកុង ទីបេ និងស៉ីនជាំង»។
ចំណែកឯ លោក វ៉ាង យី បាននិយាយថា ប្រទេសចិនក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធជាមួយកម្ពុជា នឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា ដោយគាំទ្រស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។
សូមជម្រាបថា ប្រទេសទាំងពីរបានបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា កាលពី១២ឆ្នាំមុន និងបង្កើតសហគមន៍វាសនារួមជាមួយគ្នា កាលពី៣ឆ្នាំមុន៕