(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានអះអាងពីការប្តេជ្ញាចិត្តក្នុងាករបង្កើនជើងហោះហើរត្រង់រវាងចិន-កម្ពុជា ខណៈដែលសព្វថ្ងៃនេះ ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ មានតែ៤ជើងប៉ុណ្ណោះ ក្នុងមួយថ្ងៃៗ។
នេះជាការថ្លែងរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសរដ្ឋមន្ត្រីការបរទេសទាំងពីរ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា។
ប្រមុខការទូតចិន និងកម្ពុជា បានជួបពិភាក្សាប្រកប ដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ កាន់តែស៉ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅចំណុចខ្ពស់បំផុត។
យោងតាមសារព័ត៌មានចិនស៉ីនហួរ បានបញ្ជាក់បន្ថែមពីជំនួបនោះយ៉ាងដូច្នេះ «លោក វ៉ាង បាននិយាយថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំង COVID-19 ដែលនៅសេសសល់ចំនួន ១៥ លានដូសទៀត ឲ្យទាន់ពេលតាមតម្រូវការរបស់ភាគីកម្ពុជា ផ្តល់សម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពង្រីកការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន និងបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ»។
ប្រភពដដែលបន្តថា ភាគីទាំងពីរបានសន្យាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងខ្សែក្រវាត់ និងផ្លូវ និងវិស័យផ្សេងៗទៀតផងដែរ។
សម្រាប់ប្រទេសកម្ពុជា «កម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» គឺបានធ្វើតែជាមួយមហាអំណាចចិនប៉ុណ្ណោះ ដែលបានដាក់ចេញកាលពីឆ្នាំ២០១០ កន្លងទៅ ខណៈពេលនេះជប៉ុន ជាប្រទេសទី២ ដែលមានទំនាក់ទំនងជាមួយកម្ពុជាក្នុងកម្រិតខ្ពស់ ប៉ុន្តែមិនទាន់ឈានដល់កម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនោះទេ។
សូមជម្រាបថា កម្ពុជានិងចិនកំពុងចរចាគ្នា ដើម្បីបង្កើនចំនួនជើងហោះហើរឱ្យបានយ៉ាងហោចណាស់ ៦ជើង ក្នុងមួយសប្តាហ៍ ចាប់ពីខែកក្កដា ឆ្នាំ២០២២នេះទៅ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ស៉ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ននេះ ចំនួនជើងហោះហើររវាងចិន និងកម្ពុជាមានតែចំនួន ៤ជើងប៉ុណ្ណោះ ក្នុងនោះពីកម្ពុជាចំនួន ២ជើង និងពីចិនមកវិញចំនួន ២ជើង ដែលបានបង្កើនកាលពីខែដើមខែមិថុនាមក។ បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាជាមួយភាគីចិនបន្តទៀត ដើម្បីឱ្យឈានឡើងដល់ ៦ជើងក្នុងមួយសប្តាហ៍ ដែលក្នុងនោះ ៣ជើងហោះហើរពីកម្ពុជាទៅចិន និង ៣ជើងហោះហើរពីចិនមកកម្ពុជាវិញ ដែលអាចនឹងចាប់ផ្តើមពីខែកក្កដានេះទៅ ដោយអាស្រ័យលើការឯកភាពពីប្រទេសចិន។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ តម្លៃសំបុត្រយន្តហោះរវាងចិន និងកម្ពុជានៅតែថ្លៃ ដោយសារចំនួនជើងហោះហើរមានកំណត់។
យោងតាមរបាយការណ៍ពីអាកាសចរណ៍ស៉ីវិល បានឱ្យដឹងថា ក្នុងឧសភា ឆ្នាំ២០២២នេះ ជើងហោះហើរក្នុងស្រុកមានចំនួន ១៩៨ជើង ថយចុះ១៤% បើធៀបនឹងមេសា ឆ្នាំ២០២២ តែបើធៀបជាមួយខែឧសភាឆ្នាំ២០២១ កើនឡើង៩២%។ ចំនួនអ្នកដំណើរតាមផ្លូវអាកាស ក្នុងស្រុកមានចំនួន ៨០២៨ នាក់ កើនឡើង១៧% បើធៀបនឹង កាលពីខែមុន និងធៀបជាមួយខែឧសភា ឆ្នាំ២០២១ កើនឡើង៧៧១%។
ចំណែកជើងហោះហើរក្រៅស្រុក មានចំនួន ១៨១៦ ជើង បើធៀបនឹងកាលពីខែមុន កើនឡើង២៣% និងធៀបជាមួយខែឧសភា ឆ្នាំ២០២១ កើនឡើង១៣៣%។ រីឯអ្នកដំណើរក្រៅស្រុកវិញ មានចំនួន ១៥៥ ០២០នាក់ កើនឡើង៧៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ដោយឡែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ពីក្រៅប្រទេសមានចំនួន ៤ ៨៣២តោន កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕