(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់មន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្ដកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ពោលត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានមើលឃើញថា សន្ទុះនៃការមកទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិសេសដូសជំរុញរបស់មន្ដ្រីរាជការ ហាក់មិនសូវមានសន្ទុះខ្លាំងនៅឡើយទេ។ មានន័យថា មន្ដ្រីរាជការដែលដល់ពេលត្រូវចាក់ដូសជំរុញ មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយទេ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «សូមក្រើនរំលឹកដល់មន្ដ្រីរាជការទាំងអស់ ដោយអនុលោមទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ ដូច្នេះសូមមកទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា»។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួននោះទេ ពោលខ្លួនមានកាតព្វកិច្ចត្រូវអនុវត្តដែលកំណត់ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដូច្នេះសូមរួសរានមកទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា។ បន្ថែមពីនេះ ប្រជាពលរដ្ឋបើទោះបីមិនមានច្បាប់កំណត់ពីកាតព្វកិច្ចក៏ដោយ ប៉ុន្ដែការចាក់វ៉ាក់សាំង គឺជារឿងចាំបាច់បំផុតដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។ អនុក្រឹត្យនេះមានគោលបំណងកំណត់ អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងកំណត់ អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តចំពោះ៖
* មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ
* ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ
* ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័នតុលាការ។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរ ចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើ មិនអនុវត្តចំពោះបុគ្គល ដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។ អនុក្រឹត្យបន្តថា ប្រភេទនៃវ៉ាក់សាំង ព្រមទាំងបែបបទ និងនីតិវិធីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្ត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕