(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម បាននាំយកអាវភ្លៀង ចំនួន២០២៤អាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់កងទ័ពជួរមុខ ការពារបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ស្របពេលដែលរដូវភ្លៀងបានចូលមកដល់។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការស្រាលទិសទី៤ ភូមិភាគ៥ ចំណុចអូរកំបោរ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥, លោក ម៉ៅ ធនិន អភិបាលខេត្ត, លោកអភិបាលរងខេត្ត, អភិបាលស្រុក, នាយទាហាន, នាយទាហានរងជាច្រើននាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ គឹម សេងងន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខដាក់របស់កងទ័ព។ លោកឧត្តមសេនីយ៍ទោ គឹម សេងងន ក្នុងនាមកងកម្លាំងទាំងអស់ បានប្តេជ្ញាលើកកម្ពស់គោលជំហរស្មារតីមោះមុត ដើម្បីការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ដោយមិនឲ្យបដិវត្តព័ណ៌របស់ជនអគតិមួយក្តាប់តូច មកញុះញង់ បំបែកបំបាក់ បង្ករចលាចល ឬធ្វើឲ្យអស្ថេរភាព ដល់សន្តិសុខសណ្តាប់សង្គមឡើយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរទទួលស្គាល់ស្នាដៃ និង ការខិតខំដឹកនាំ និងអនុវត្តន៍ បំពេញតាមតួនាទីភារកិច្ចស្នូល អន្តរាគមន៍ និង ទ្រោលសភាពការណ៍ទាំងពេលលំបាក និងពេលធូរស្រាលរបស់កងកម្លាំងគ្រប់ទិស គ្រប់មុខសញ្ញាទាំងអស់។ នៅចំពោះមុខកងទ័ព កងនគរបាល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងទាំងអស់ ដែលកន្លងមក បានពុះពារអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិ និងបម្រើប្រជាជន។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយអាវភ្លៀងជារៀងរាល់ឆ្នាំ នៅដើមរដូវភ្លៀងធ្លាក់នោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឱ្យចែកដល់ដៃកងកម្លាំងទាំងអស់ ដើម្បីយកទៅប្រើប្រាស់បានទាន់ពេល និងចំសេចក្តីត្រូវការ៕