(មណ្ឌលគិរី)៖ បន្ទាប់ពីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) រួចមក រាជរដ្ឋាភិបាលកម្ពុជាដែលមាន គ.ដ.ផ.ម ជាសេនាធិការថ្មីនោះ បានប្រកាសដាក់ចេញប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី រួមទាំងកំណត់ចក្ខុវិស័យរយៈពេលវែង និងទិសដៅយុទ្ធសាស្រ្តអាទិភាព ដើម្បីរួមចំណែកអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូលផងដែរ។
ពិធីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ដ.ផ.ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ដ.ផ.ម លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាអនុប្រធាន គ.ដ.ផ.ម រួមទាំងសមាជិក គ.ដ.ផ.ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ដ.ផ.ម បានធ្វើបទបង្ហាញអំពីបំណងប្រាថ្នាសំខាន់របស់ផែនការមេ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។
លោក ជុក ជំនោរ បានបន្តថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១-២០៣៥) ដោយឈរលើចក្ខុវិស័យសំខាន់ចំនួន៤៖
ទី១៖ ខេត្តមណ្ឌលគិរីត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។
ទី២៖ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។
ទី៣៖ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។
ទី៤៖ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។
បើតាមលោក ជុក ជំនោរ ផែនការមេនេះកំណត់អាទិភាពសំខាន់ៗ ដែលរួមមាន៖
១៖ របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ ដែលអនុញ្ញាតឲ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។
២៖ របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយវប្បធម៌ជនជាតិដើមភាគតិច។
៣៖ ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។
៤៖ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី ដែលអាចអភិវឌ្ឍជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។
៥៖ តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាពទូលាយជាងក្នុងតំបន់អភិរក្ស។
៦៖ តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។ល។
លោកបានបន្តទៀតថា ជារួម ទិសដៅយុទ្ធសាស្ត្រទាំង៦នេះចែកចេញជាសកម្មភាពអនុវត្តចំនួន១២១គម្រោង និងមានគម្រោងអាទិភាពចំនួន១៦ និងមានក្រសួងស្ថាប័នពាក់ព័ន្ធចំនួន២៨អង្គភាព ជាអ្នកទទួលខុសត្រូវអនុវត្ត។
នាឱកាសនោះដែរ លោក ថោង ខុន បានលើកឡើងដែរថា ផែនការមេនេះនឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយភូមិភាគឥសាន្តនេះជាប៉ូលសេដ្ឋកិច្ចទី៤ ពិសេសពាក់ព័ន្ធនឹងបញ្ហាកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ដែលបន្តិចទៀតនេះ លេខាធិការដ្ឋាន នឹងរំលេចលម្អិតបន្ថែមក្នុងបទបង្ហាញ។
បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង៥ក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំជាង១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែងនៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុកជាតំបន់ព្រៃត្រូពិកចុងក្រោយដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។
លោករដ្ឋមន្ត្រីបានបន្តថា ខេត្តមណ្ឌលគិរីក៏មានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈដែលសក្តានុពលនេះនៅមិនទាន់ត្រូវបានអភិវឌ្ឍឲ្យបានពេញលេញនៅឡើយ។ លើសពីនេះទៅទៀត ការអនុញ្ញាតឲ្យមានការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីនឹងទាក់ទាញភ្ញៀវទេសចរ និងការតភ្ជាប់ពីគោលដៅទេសចរណ៍ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរមកកាន់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំងមូលឲ្យមានភាពកាន់តែងាយស្រួល។ ទៅថ្ងៃអនាគត ព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ តភ្ជាប់ខេត្តមណ្ឌលគិរីទៅគោលដៅទេសចរណ៍ជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗរបស់អាស៊ាន និងប្រទេសផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ អូស្ត្រាលី និងតំបន់មជ្ឈិមបូព៌ាជាដើម ដែលប្រើរយៈពេលហោះហើរចន្លោះពី៥-៧ម៉ោង។
ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដោយស្នើដល់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិក គ.ដ.ផ.ម មេត្តាយកខ្លឹមសារនិងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងដែលបានកំណត់ក្នុងផែនការមេ បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចឲ្យបានលទ្ធផលដូចបានកំណត់ក្នុងផែនការមេ ដោយឈរលើស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីព្រោះក្រសួងទេសចរណ៍ម្នាក់ឯង ពិតជាមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រេចឲ្យបានលទ្ធផលតាមផែនការដែលមានលក្ខណៈសមាហរណកម្មនេះទេ។
លោករដ្ឋមន្ត្រីបានណែនាំឱ្យលេខាធិការដ្ឋាន គ.ដ.ផ.ម បន្តរៀបចំយន្តការការងារឲ្យបានច្បាស់លាស់ ពិសេសកិច្ចសហការស្អិតរមួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីរាយការណ៍ជាប្រចាំជូនរាជរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់តាំងឲ្យមានមន្រ្តីបង្គោលដើម្បីធ្វើការជាមួយលេខាធិការដ្ឋាន និងរាយការណ៍អំពីវឌ្ឍនភាពការងារតាមវិស័យរៀងៗខ្លួន ដើម្បីធ្វើការបូកសរុបជូនរាជរដ្ឋាភិបាល។
លោកបានបន្តស្នើឱ្យរដ្ឋបាលខេត្តមណ្ឌលគិរីត្រូវបន្តចាត់វិធានការចាំបាច់នានាឲ្យបានហ្មត់ចត់ ដើម្បីរក្សាឲ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សខេត្តមណ្ឌលគិរី រក្សាឲ្យបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។ ទន្ទឹមនឹងនេះ លោកក៏ស្នើអភិបាលខេត្តជួយសម្រួលដល់ការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឲ្យបានច្បាស់លាស់ ក្នុងយុទ្ធនាការនៃការចុះបញ្ជីដីធ្លីខេត្តមណ្ឌលគិរី ដើម្បីធានានិរន្តរភាពបានសម្រាប់ជាប្រយោជន៍របស់ខេត្ត។ កិច្ចការនេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឯកភាពជាគោលការណ៍រួចហើយនាពេលកន្លងមក។
ចំពោះវិស័យឯកជន លោក ថោង ខុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានាចាប់យកកាលានុវត្តភាពរបស់ខេត្តមណ្ឌលគិរី ដើម្បីលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា ទាំងក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា ដើម្បីរួមគ្នាសម្រេចឲ្យបានតាមចក្ខុវិស័យដែលបានដាក់ចេញ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានលើកទឹកចិត្តដល់ខេត្តមណ្ឌលគិរីត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន៕