(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យចំនួន១៨នាក់ ជាក្រុមក្មេងទំនើងមានរហ័សនាមក្រុម LCH (លឹម ឈាងហាក់) នៅចំណុចតារាងបាល់ទះ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីព្រួតគ្នាយកដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកការពារសុវត្ថិភាព កាប់ និងវាយបណ្តាលឱ្យខូចខាតម៉ូតូ ប្រព្រឹត្តនៅចំណុចក្នុងបុរីធូលនមុខផ្ទះលេខ១បេ ផ្លូវលេខ២ ក្រុមទី៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ថា ជនសង្ស័យឈ្មោះ វិបុល សាងលីហ្សា ហៅ ស្វា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន០២នាក់រួមមាន៖ ឈ្មោះ ជាវុត្ថា ខេមរា ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស និងឈ្មោះ ហុង ផល្លី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះបេ១ ផ្លូវលេខ២ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន។
សម្ភារខូចខាត៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JF-6478 រងការខូចចាតដាច់កន្ទុយម៉ូតូ និងផ្លាកលេខដាច់ចេញពីម៉ូតូ បែកកុងទ័រម៉ូតូ និងបែកសង្កៀងស្តបម៉ូតូខាងក្រោយ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១IR-១៨០០ រងការខូចខាតដាច់កន្ទុយម៉ូតូ និងផ្លាកលេខចេញពីម៉ូតូ និងបែកកុងទ័រ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួករបស់ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួន៕