(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់ពីលោក អ៊ុំ សុផល អធិការនគរបាលក្រុងបានបន្ត យុទ្ធនាការចុះទៅជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានបន្តទៀត ដោយស្ថិតនៅភូមិអូរឫស្សី និងមណ្ឌល៣ ក្រោយពីផ្ទះទាំងនោះ មានសភាពចាស់ ទ្រុឌទ្រោមយ៉ាងខ្លាំង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ លោកអធិការក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ចុះទៅជួយ ជួសជុលផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងបន្ថែមទៀត ក្រោយទទួលបានព័ត៌មាន របស់អាជ្ញាធរមូលដ្ឋានថា ផ្ទះរបស់ប្រជាពលរដ្ឋកាន់តែ ចាស់ទៅៗ ហើយអាចប្រឈមនឹងការបាក់ស្រុត ថែមទៀតផង។
លោក អ៊ុំ សុផល បានបញ្ជាក់ថា នៅថ្ងៃនេះដដែលលោកឧត្តមសេនីយ៍ស្នងការខេត្ត អាត់ ខែម នឹងចុះមកប្រគល់ផ្ទះទាំង៣ខ្នងនេះ ជូនប្រជាពលរដ្ឋ ដើម្បីការស្នាក់អាស្រ័យ។
សូមបញ្ជាក់ថា សម្រាប់ទឹកដីខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្រ្តី កែវ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត បានដាក់យុទ្ធសាស្រ្តដោយកែប្រែផ្ទះ របស់ប្រជាពលរដ្ឋ ពីប្រកស្លឹក ប្រកស្បូវ ទៅជាប្រកស័ង្កសីទាំងអស់ ហើយកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថនិងយោធា បានចុះជួយជួសជុលជាបន្តបន្ទាប់ នៅតាមមូលដ្ឋាន៕