(កោះកុង)៖ អតីតយុទ្ធជន១៥០នាក់ បានទទួលអំណោយនៅគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងថ្ងៃអបអរសាទរ ខួបលើកទី១៥ ទិវាអតីតយុវជនកម្ពុជា ២១ មិថុនា ឆ្នាំ២០០៧-២១ មិថុនា ២០២២ ដែលបានរៀបចំឡើងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ដោយតំបន់ប្រតិបត្តិការសឹករងកោះកុង ស្ថិតនៅសាលមហោស្រពខេត្ត។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុវជនកម្ពុជាខេត្តកោះកុង, អភិបាលក្រុងស្រុក រួមទាំងមន្ត្រីរាជការជុំវិញខេត្តផងដែរ។
លោកឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម បានថ្លែងថា ការប្រារព្ធខួបលើកទី ១៥ ទិវាអតីតយុទ្ធជនកម្ពុជា បានធ្វើឡើងក្នុងស្ថានភាពដែលកម្ពុជារក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន ដោយសារគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ លើការទប់ស្កាត់បានរាល់សកម្មភាព និងធានាដល់សិទ្ធិសេរីភាពជូនប្រជាជនបានពេញលេញទូទាំងប្រទេស។
លោកថា ថ្ងៃទី២១ មិថុនា គឺទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរម្លឹកគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជនយុទ្ធនារី ដែលបានពលីកម្មសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ នៃយើងនឹកគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្ត ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការការពារបូរណភាពទឹកដី ការកសាងសន្តិសុខ និងស្ថេរភាពសង្គមជាតិយើង។
លោកឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម បានថ្លែងថា «ប្រទេសមានសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចមានចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ប្រសើរថ្លៃថ្លា បានរៀបចំជាសមាគមអតីតយុទ្ធជនកម្ពុជាកាលពីឆ្នាំ២០០៧ ក្នុងគោលបំណងគិតគូរពីសុខទុក្ខក៏ដូចជា ផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជននៅកម្ពុជាយើង ដែលពួកគាត់សុទ្ធសឹងតែជាអ្នកបានបូជាកម្លាំងចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពហើយ បានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ និងបានអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ បានយកចិត្តទុកដាក់ទៅលើអតីតយុវជនក្នុងការផ្ដល់ដីសម្បទាន សង្គមកិច្ចជូនពួកគាត់ បន្ថែមទៀតផងដែរ តាមរយៈតំបន់ប្រតិបត្តិការសឹករងខេត្ត ហើយបានជំរុញឱ្យបងប្អូនអតីតយុទ្ធជនចូលរួមការពារសុខភាព ចាក់វ៉ាកសាំងការពារជំងឺកូវិដ១៩ ឲ្យបានគ្រប់ដូសឲ្យបានគ្រប់គ្នា»។
ក្នុងឱកាសអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា, លោកស្រី មិថុនា ភូថង បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន ដើម្បីរំលឹកពីប្រវត្តិសាស្ត្រ នៃការតស៊ូរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបូរណភាពទឹកដី នៃប្រទេសយើងរហូតមានថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះលោកស្រី មិថុនា ភូថង ក៏បានលើកឡើងថា ប្រទេសកម្ពុជាបច្ចុប្បន្នភាពកំពុងតែ មានការរីកចម្រើនលើគ្រប់វិស័យ គឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំអស់ពីកម្លាំង កាយចិត្ត ដើម្បីស្វែងរកសន្តិភាព សេរីភាព និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនគ្រប់វិស័យ។
លោកស្រីថា មិនតែប៉ុណ្ណោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានខិតខំការពារសុខសុវត្ថិភាព សុខភាពអាយុជីវិតប្រជាពលរដ្ឋ តាមរយៈយុទ្ធសាស្រ្តស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋកម្ពុជាបានគ្រប់គ្នាៗ តាំងពីកុមាររហូតដល់វ័យចាស់ដោយមិនតម្រូវឲ្យបង់ថវិការនោះទេ។ សម្រាប់ចំពោះអតីតយុទ្ធជនវិញ សម្ដេចតេជោ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ជូនពួកគាត់សម្រាប់រស់នៅ និងប្រកបរបរផងដែរ៕