(ភ្នំពេញ)៖ លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ដែលមាននិវាសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានចាប់អារម្មណ៍លើវិស័យចំនួន២នៅកម្ពុជា ដែលជាវិស័យមានសក្តានុពល និងជាឱកាសសម្រាប់អ៊ីស្រាអែលមកសិក្សា ដើម្បីវិនិយោគ។
ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយបណ្តាញព័ត៌មាន Fresh News លោកស្រី Orna Sagiv បានលើកឡើងថា វិស័យកសិកម្ម និងវិស័យបច្ចេកវិទ្យា គឺជាវិស័យដែលសហគ្រិនរបស់កម្ពុជា និងអ៉ីស្រាអែល គួរសហការគ្នា ក្នុងការចាប់ឱកាសដើម្បីវិនិយោគ ខណៈប្រទេសអ៊ីស្រាអែល ជាប្រទេសដែលខ្លាំងលើវិស័យកសិកម្មបែបបច្ចេកវិទ្យាទំនើប និងមានធនធានមនុស្សច្រើន ខាងផ្នែកបច្ចេកវិទ្យា ប្រសិនសហគ្រិននៃប្រទេសទាំងពីរសហការគ្នា នឹងទទួលបានលទ្ធផលល្អច្រើន។
ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជា លោកស្រីបានលើកឡើងពីចំណុចខ្លាំងរបស់ អ៉ីស្រាអែលលើវិស័យ កសិកម្មថា នាពេលបច្ចុប្បន្ននេះ ប្រជាជនអ៉ីស្រាអែលដែលមានចំនួនជាង១០លាននាក់ ក្នុងនោះកសិករមានមិនដល់២ភាគរយទេ ប៉ុន្តែប្រទេសនេះ អាចផលិតកសិ ផលគ្រប់គ្រាន់សម្រាប់ប្រជាជន ទាំង១០លាននាក់ និងសល់ដើម្បីនាំចេញផងដែរ បើទោះបីជាទឹកដី អ៊ីស្រាអែលជា ដីគ្មានអំណោយផល សម្រាប់វិស័យកសិកម្ម ក៏ដោយ ពោលគឺជាវាលរហោឋាន ដីបែកក្រហែង ប៉ុន្តែ អាចកែច្នៃវិស័យកសិកម្ម តាមរយៈការធ្វើកសិកម្មបែបបច្ចេកវិទ្យាទំនើប។
លោកស្រីបន្តថា ជារៀងរាល់ឆ្នាំមាននិស្សិតខ្មែរប្រមាណ៤០០នាក់ ដែលគាត់ចូលរួមកម្មវិធីកម្មសិក្សា នៅប្រទេសអ៉ីស្រាអែល ដែលពួកគេអាចរៀនពីវិស័យកសិកម្មផង និងអនុវត្តផង នៅពេលពួកគេត្រឡប់មកវិញ។ ហើយកាលពីពេលថ្មីនេះៗ សភាពាណិជ្ជកម្មអ៉ីស្រាអែលនៅកម្ពុជា ទើបតែនាំអ្នកជំនួញមួយក្រុមទៅទស្សនកិច្ច នៅប្រទេសអ៉ីស្រាអែល ដើម្បីឲ្យម្ចាស់អាជីវកម្មនៅប្រទេសអ៉ីស្រាអែលស្គាល់ម្ចាស់អាជីវកម្មនៅកម្ពុជា ហើយក៏មានម្ចាស់អាជីវកម្មនៅអ៉ីស្រាអែល មកទស្សនកិច្ចនៅប្រទេសកម្ពុជា នៅពេលចាប់ផ្តើមមានចរន្តនៃការផ្លាស់ប្តូរទស្សនកិច្ចគ្នា គឺឱកាសដើម្បីសហការ បន្ថែមផងដែរ។
លោកលើកឡើងទៀតថា វិស័យសក្តានុពលមួយទៀត ដែលលោកស្រីឃើញឱកាសសម្រាប់អ៊ីស្រាអែល គឺវិស័យបច្ចេកវិទ្យា ខណៈដែលប្រទេស អ៊ីស្រាអែលត្រូវបានទទួលការទទួលស្គាល់ថា ជាប្រទេសសំបូរទៅដោយអ្នកបង្កើតកែច្នៃបច្ចេកវិទ្យាថ្មីៗ។ ជារៀងរាល់ឆ្នាំមានក្រុមហ៊ុនបង្កើត និងកែច្នៃបច្ចេកវិទ្យាថ្មីចំនួន៥០០ក្រុមហ៊ុន ត្រូវបានបង្កើតឡើងនៅអ៉ីស្រាអែល ដែលនេះជាឱកាសមួយសម្រាប់សហការជាមួយកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ថា «ក្រុមហ៊ុនជាច្រើននៅអ៉ីស្រាអែល នៅពេលដែលពួកគេចាប់ផ្តើមរកដៃគូនៅបរទេស កន្លងមកគេតែងរកដៃគូនៅសហរដ្ឋអាមេរិក អឺរ៉ុប ប៉ុន្តែ២០ឆ្នាំចុងក្រោយនេះ ពួកគេបានចាប់ផ្តើមបែរមកតំបន់អាស៊ី រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ ហើយមានមួយចំនួនគេទៅរកដៃគូ ក្នុងប្រទេសដែលសំបូរប្រជាជនដូចជា ឥណ្ឌា ចិនជាដើម ប៉ុន្តែក៏មានមនុស្សជាច្រើន ដែលពួកគេមានអារម្មណ៍កក់ក្តៅជាមួយកម្ពុជា ដោយសារពួកគេឃើញឱកាសកម្ពុជា ជាសមាជិកអាស៊ាន ហើយក៏មានទំនាក់ទំនងល្អជាមួយប្រទេសនៅជុំវិញ អីចឹងក៏មានសហគ្រិនជាច្រើន ដែលគេចាប់អារម្មណ៍រកដៃគូនៅតំបន់អាស៊ាន។ ហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថា ប្រទេសកម្ពុជាជាប្រទេសដ៏មានសក្តានុពល សម្រាប់ពួកគាត់»៕