(អូស្ត្រាលី)៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) និងប្រកាសបញ្ចូលសមាជិកបក្សថ្មីជាច្រើនរូប ប្រគល់សេចក្តីសម្រេច និងចែកលិខិតសរសើរ ប័ណ្ណសសើរ ជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងកង់ប៉េរ៉ា ប្រទេសអូស្ត្រាលី។
ពិធីនេះក៏មានការចូលរួមពីលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងលោក ឈួន វិន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់១ និងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង និងក្រុមការងារយុវជនជាច្រើននាក់។
បន្ថែមពីនេះ លោកបណ្ឌិត គឹម សន្តិភាព បានចែកលិខិតសរសើរ ប័ណ្ណសសើរជូនដល់ក្រុមការងារយុវជនគណបក្សប្រចាំទីក្រុងដាវីនហើយ ជាមួយគ្នានេះ លោក ចាន់ រតនា ក៏បានប្រគល់សេចក្តីសម្រេចជូនដល់ក្រុមការងារយុវជនគណបក្សប្រចាំរាជធានីកង់ប៉េរ៉ា ផងដែរ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោកបណ្ឌិត គឹម សន្តិភាព ក៏បានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ចជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលសេរីភាពគ្រប់ៗគ្នា។
សូមជម្រាបថា ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ គណបក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។