(ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា ប្តេជ្ញាផ្តល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រុមគ្រួសារ សហគមន៍ និងសាធារណជន ជាមួយនឹងការទទួលបានព័ត៌មានកាន់តែច្រើនអំពីប្រវត្តិសាស្ត្រ ខ្មែរក្រហម។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតែបន្តធ្វើឲ្យបណ្ណសាររបស់ខ្លួនកាន់តែអាចចូលប្រើប្រាស់បានទូលំទូលាយតាមរយៈប្រព័ន្ធអនឡាញ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏កំពុងធ្វើឲ្យបណ្ណសារដ្ឋានរូបវ័ន្តរបស់ខ្លួនកាន់តែអាចចូលប្រើប្រាស់បានដោយ ផ្ទាល់ផងដែរ។
មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការប្រកាសជាផ្លូវការនូវការបើកដំណើរការមជ្ឈមណ្ឌលប្រចាំតំបន់ទាំង៥របស់ខ្លួន ដែលតំណាងឲ្យបណ្តាញមជ្ឈមណ្ឌលឯកសារកម្ពុជានៅទូទាំងប្រទេស។
ការបង្កើតមជ្ឈមណ្ឌលប្រចាំតំបន់ទូទាំងប្រទេស ស្របតាមបំណងប្រាថ្នារបស់ជនរងគ្រោះពីរបបខ្មែរក្រហម ដែលចង់ឃើញនូវធនធានលើបទពិសោធន៍ និងរឿងរ៉ាវនៃសម័យកាលប្រវត្តិសាស្ត្ររបស់ពួកគេ នៅគ្រប់តំបន់នៃប្រទេសកម្ពុជា។
មជ្ឈមណ្ឌលនៅតាមសហគមន៍មិនត្រឹមតែផ្តល់នូវការរៀបចំដ៏សម្បូរបែបនៃធនធានពហុប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការអប់រំ និងការស្រាវជ្រាវប៉ុណ្ណោះទេ មជ្ឈមណ្ឌលនៅតាមសហគមន៍ក៏បម្រើជាទីតាំងប្រជុំដ៏សំខាន់សម្រាប់វេទិកាសហគមន៍ ការធ្វើបទបង្ហាញរបស់វាគ្មិន សន្និសីទ ការពិនិត្យសៀវភៅឡើងវិញ ការតាំងពិព័រណ៍សិល្បៈ និងតន្ត្រី ព្រមទាំងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗទៀត។
មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានបង្កើតអង្គភាពសេវាកម្មយុវជនស្ម័គ្រចិត្តមួយដែលមានឈ្មោះថា ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ដើម្បីបង្កើនភាពងាយស្រួល និងផ្សព្វផ្សាយកិច្ចការរបស់មជ្ឈមណ្ឌលដល់សហគមន៍មូលដ្ឋាន។ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ទាញយកការបំផុសគំនិតរបស់ខ្លួនពីក្រុមអ្នកស្ម័គ្រចិត្តអាមេរិក (AmeriCorps) ដែលជាអង្គភាពសេវាកម្មយុវជនស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក ដែលឧទ្ទិសដល់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងជំនាញវិជ្ជាជីវៈរបស់អ្នកស្ម័គ្រចិត្ត ដល់ការកសាង និងកែលម្អសហគមន៍ឡើងវិញ។
មជ្ឈមណ្ឌលនីមួយៗមានអ្នកស្ម័គ្រចិត្តចំនួនពី ៥នាក់ ទៅ ១០ នាក់ដែលត្រូវបានជ្រើសតាំង ហើយនៅទូទាំងប្រទេស មជ្ឈមណ្ឌលឯកសារកម្ពុជា មានក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាជាង ៥00 នាក់ ដើម្បីជួយដល់អ្នករស់រានមានជីវិតចំពោះទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ប្រមូលប្រវត្តិផ្ទាល់មាត់ និងធ្វើការស្រាវជ្រាវអំពីប្រវត្តិសហគមន៍មូលដ្ឋាន។
មជ្ឈមណ្ឌលឯកសារកម្ពុជា បន្តធ្វើការងារលើការបង្កើនធនធានដែលមាននៅក្នុងមជ្ឈមណ្ឌលនីមួយៗ និងការបង្កើតមជ្ឈមណ្ឌលបន្ថែមនៅក្នុងតំបន់ផ្សេងទៀត។
មជ្ឈមណ្ឌលនៅតាមខេត្តទាំង៥ រួមមាន៖
* ១) មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
* ២) មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
* ៣) មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
* ៤) មជ្ឈមណ្ឌលឯកសារកោះថ្ម និង
* ៥) មជ្ឈមណ្ឌលឯកសារខេត្តតាកែវ។
សាធារជនចូលប្រើប្រាស់បណ្ណសារឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សូមទាក់ទងទង៖ រស់ សំពៅ, អ៉ីម៉ែល ៖ [email protected]
សាធារជនចូលអានឯកសារនៅ បណ្ណាល័យសម្តេចម៉ែ សូមទាក់ទង ៖ សុភ័ក្ត្រ ភាណា, អ៉ីម៉ែល [email protected] ៕