(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជូនចោរគាស់ផ្ទះ និងលួចម៉ូត ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ក្រោយពួកគេលួចគាស់ផ្ទះ ប្រជាពលរដ្ឋនៅចំណុច ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន។
ជនសង្ស័យទាំង២នាក់នោះ មានឈ្មោះ ចៅ ណារុធ (ហៅ ឈួយ) ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១១៩ Eo ផ្លូវ២៨៨ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ និងជនសង្ស័យម្នាក់ទៀត ឈ្មោះ សាយ រដ្ឋា (ហៅ ច្រឹង) ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ និងបានដកហូតវត្ថុតាងមានដូចជា ម៉ូតូ១គ្រឿង ម៉ាកស្កូពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1BO-9799 (របស់ជនរងគ្រោះ), សម្ភារៈកាច់ក ម៉ូតូមួយកំផ្លេរ។
តាមចម្លើយសារភាពរបស់ជនល្មើសបានប្រាប់ថា ពីមុនខ្លួនបានធ្វើសកម្មភាពលលួចម៉ូតូម៉ាកស្កូពី ១គ្រឿង បានសម្រេចផងដែរ នៅចំណុចផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕