(កណ្តាល)៖ ក្មេងប្រុសម្នាក់ត្រូវបានរថយន្តដឹកដីបើកបុក ខណៈកំពុងជិះកង់ឆ្លង​ផ្លូវបណ្តាលស្លាប់​ភ្លាមៗនៅនឹងកន្លែង ដោយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោង១១៖១០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១១០ស្ថិតនៅភូមិឬស្សីស្រុក ឃំុឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោកព្រុំ.សំណាងអធិការរងនគរបាលស្រុកកៀនស្វាយថ្លែងប្រាប់អ្នកកាសែតបានអោយដឹងថា ជនរងគ្រោះមានឈ្មោះពៅ.លីហួ ភេទប្រុស អាយុ៦ឆ្នាំរស់ នៅភូមិឃំុកើតហេតុ​ខាងលើ និងឪពុក​មាន​ឈ្មោះពៅ.ធា អាយុ៣៧ឆ្នាំ ម្តាយឈ្មោះលឹង.សម័យ អាយុ៣៣ឆ្នាំរស់នៅភូមិ ឃំុជាមួយគ្នា។ លោកព្រុំ សំណាង បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ឆ្លងផ្លូវពីស្តាំទៅឆ្វេង (ពីកើតទៅលិច)​ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា លុះមកដល់ត្រង់ចំណុចខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ៣A-៨៧៤៣ បានធ្វើដំណើរ ពីលិចទៅ កើត​ក៏បុកជាមួយកង់បណ្ដាល​ អោយរថយន្តកិនចំជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ហើយរថយន្តបានបើករត់បានចម្ងាយ៥០០ម៉ែត្រក៏ឈប់ រួចអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុក​បានចុះទៅធ្វើការវាស់វែង និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយ​បានយកទៅរក្សា​ទុកនៅអធិការ​ដ្ឋាន​ស្រុកដើម្បីដោះ​ស្រាយតាមច្បាប់៕