(ភ្នំពេញ)៖ បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃសរុប ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធ្មជាតិបាន១៨២ទីតាំង និងមានសហគមន៍ខ្លះមានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ថែមទៀត។
បន្ថែមពីការការពារ អភិរក្សធនធានធម្មជាតិ សត្វព្រៃ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន, ក្រោមការគាំទ្រពីធនាគារពិភពលោក, ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) គម្រោងមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា។
គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ត្រូវបានយកមកអនុវត្តក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត។
គម្រោងនេះនឹងចូលរួមធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញភាពអំណោយផលដើម្បីលើកកម្ពស់អេកូទេសចរណ៍ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប និងលើកស្ទយសេដ្ឋកិច្ចមូលដ្ឋានឱ្យកានកាន់មានជីវភាពធូរធា ដែលជំរុញឱ្យពួកគាត់ជៀសផុតពីមុខរបរចាស់ ចូលព្រៃកាប់ឈើ បរបាញ់សត្វព្រៃជាដើម។
បើតាមលោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានថ្លែងថា ក្រសួងបរិស្ថាន នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើតទីតាំងតំបន់ទេសចរណ៍ធម្មជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសទេចរនានាមកកម្សាន្ត។
«ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ខៀវ បូរិន។
ទន្ទឹមនឹងនេះដែរ លោកបានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ គឺទាមទារយ៉ាងខ្លាំងឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទាំងនោះ តាមការរយៈការកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ ដូចជាការចូលកាប់ឆ្ការព្រៃ តាមបែបប្រពៃណី ដើម្បីដាំដំណាំ និងការបរបាញ់សត្វជាដើម។
លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នេះ គ្រាន់តែនៅឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននេះមានសហគមន៍ចំនួន៥ ដែលកំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលពីគម្រោងនេះ ខណៈតំបន់ធនធានធម្មជាតិនានាក៏កំពុងតែទទួលផលផងដែរ។
បន្ថែមពីកិច្ចខិតខំប្រឹងអនុវត្តគម្រោងឱ្យទទួលបានជោគជ័យតាមផែនការកំណត់, លោកបានលើកឡោះង គម្រោងមួយនេះ ក៏បានសិក្សាទៅលើផ្លូវតភ្ជាប់ ដែលមានទាំងក្នុងសហគមន៍ និងផ្លូវដើរព្រៃ។ក្រៅពីនេះគេកំពុងសិក្សាទៅលើផ្ទាំងដែនទេសភាព ដើម្បីកំណត់ថាតំបន់ណាដែលជាកន្លែងមាន សក្តានុពលសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យវិស័យឯកជនចូលមកវិនិយោគ ពិសេសគម្រោងអេកូទេសចរណ៍ខ្នាតតូច។
ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «តាមរយៈគម្រោងនេះយើងនឹងពិនិត្យមើលទៅលើទឹកស្អាត អនាម័យ។ ជាមួយគ្នាយើងនឹងគាំទ្រដល់សហគមន៍នានាដើម្បីរៀបចំអេកូទេសចរណ៍កម្រិតសហគមន៍ ដើម្បីសំដៅលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត»។
ដោយឡែក លោក ផាន់ ផុន ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ បានបញ្ជាក់ពីប្រជាពលរដ្ឋក្នុងសហគមន៍បានងាកមកចាប់អារម្មណ៍លើវិស័យទេសចរណ៍ថា៖ ពេលនេះពលរដ្ឋបានរួមគ្នាអភិរក្សធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃ តំបន់ប្រសាទដើម្បីបម្រើលើវិស័យទេសចរណ៍។ ពួកគាត់បានអាស្រ័យផលទៅលើវិស័យនេះដូចជា ការចិញ្ចឹសត្វ មាន់ទា ជ្រូក និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍។
លោកបានលើកឡើងដោយពន្យល់ថា៖ «ក្រោយទទួលបានការណែនាំអប់រំ ពីមន្ត្រីគម្រោង ពេលនេះប្រជាសហគមន៍មួយចំនួនធំបានងាកមកចិញ្ចឹមមាន់ ជ្រូកកណ្តុរ និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍។ពេលខ្លះការចិញ្ចឹមរបស់គាត់មិនគ្រប់តម្រូវការរបស់ភ្ញៀវទេសចរណ៍នោះឡើយ»។
លោក មាន ប៊ុនថង ប្រធានស្នាក់ការប្រចាំការក្នុងតំបន់រ៉ាមសារព្រែកទាល់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលើកឡើងថា តំបន់ព្រែកទាល់ គឺជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តតំបន់នេះ អំពីសត្វស្លាបជាច្រើនប្រភេទហើរពពាក់ពពូនគ្នា។ ចំនួនសត្វស្លាបនៅតំបន់ព្រែកទាល់ មានភាពប្រែប្រួលទៅ តាមរដូវកាលមានន័យថា នៅរដូវវស្សាសត្វមានចំនួនច្រើន តែបើនៅរដូវប្រាំងវិញ សត្វមានការថយចុះ ដោយសារតែវាចេញរកស៊ីតាមតំបន់ផ្សេងៗ។
តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» លោកបង្ហាញក្តីសង្ឃឹមថា នឹងធ្វើឱ្យតំបន់របស់លោកទទួលបានការអភិវឌ្ឍបន្ថែមទៀត ជាពិសេសការចូលរួមសាសសង់ប៉មថ្មីៗ ដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឡើងទស្សនាសត្វស្លាបកម្រៗដែលកំពុងមានវត្តមាននៅក្នុងតំបន់រ៉ាមសារព្រែកទាល់នេះ។
លោក តុន ណៃ ប្រធានសហគមន៍តំបន់អេកូទេសចរណ៍ព្រែកទាល់ បានបង្ហាញជំនឿថា តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នឹងជួយឱ្យសហគមន៍ របស់លោកកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ធ្វើឱ្យសេដ្ឋកិច្ចប្រជាសហគមន៍មានការរីកចម្រើនជាដើម។
លោក ណៃ បានឱ្យដឹងថា សម្រាប់តំបន់អេកូទេសចរណ៍ព្រែកទាល់ មានសត្វស្លាប១២៩ប្រភេទ សរុបជាង២ម៉ឺនក្បាល ដោយមិនទាន់គិតពីចំនួនសត្វញាស់ថ្មីឡើយ រងចាំទទួលទេសចរមកទស្សនា។ សហគមន៍ក៏កំពុងផ្សព្វផ្សាយសក្តានុពលរបស់ខ្លួន ទៅកាន់ទេសចរ និងចូលរួមថែរក្សា អភិរក្សធនធានធម្មជាតិ និងសត្វស្លាប ក្នុងតំបន់ការពារ។
លោកក៏បានបង្ហាញនូវសំណូមពរដល់ប្រជានេសាទទាំងអស់ សូមកុំបរបាញ់សត្វស្លាបទាំងនោះ ឬជួញដូរយកមកធ្វើជាចំណីអាហារ ព្រោះសត្វស្លាបទាំងនោះនឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់បម្រើដល់វិស័យទេសចរណ៍របស់ជាតិ និងបម្រើដល់ជីវភាពប្រចាំថ្ងៃមានការរីកចម្រើន តាមរយៈភ្ញៀវទេសចរ មកលេងកម្សាន្តមើលជីវៈចម្រុះដ៏កម្របែបនេះ៕