(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន នាយទាហានរង ចំនួន៨៩នាក់។
ពិធីនេះបានធ្វើឡើង ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការចូលរួម ពីអស់លោកជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ និងមេបញ្ជាការក្រុង/ស្រុកទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួនចូលរួម១១៦។
លោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី បានក្រើនរំលឹកដល់អាវុធហត្ថនៅក្រោមឱវាទ ឲ្យអនុវត្តការងារទៅតាមតួនាទីភារកិច្ច ចេះប្រេីប្រាស់ព័ត៌មានវិទ្យា និងបានណែនាំឲ្យមន្ទីរជំនាញតាមដាន និងក្តាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបបទល្មេីសដែលកេីតឡេីង ឲ្យមានប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្តល់អនុសាសន៍ដល់មេបញ្ជាការតាមបណ្តា ក្រុង-ស្រុក ធ្វើយ៉ាងណាសហការឲ្យបានល្អជាមួយរដ្ឋអំណាច ភូមិឃុំ និងប្រជាការពារភូមិព្រមទាំងធ្វើល្អ ជាមួយប្រជាពលរដ្ឋទូទៅដើម្បីងាយស្រួល ក្នុងការតាមដានសភាពការណ៍ និងបង្ក្រាបបទល្មើសដែលកើតមានឡើង នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទាន់ពេលវេលា។
ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ពង្រឹងបន្ថែមនូវស្មារតីសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ រក្សាអោយបាននូវឆន្ទៈក្នុងការការពារ រដ្ឋធម្ននុញ្ញនិងបេ្ដជ្ញាអនុវត្តគ្រប់វិធានការណ៍ ដើម្បីថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅបានល្អប្រសើរ តបតាមបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស៕