(ភ្នំពេញ)៖ បច្ចុប្បន្នបើនិយាយអំពីការ៉េម Ice Cream ដែលជាបង្អែមត្រជាក់មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ជាទីពេញនិយម ក្មេង ចាស់ ប្រុស ស្រី មិនថា ខ្មែរ ចិន បារាំង អ៊ីតាលី អាមេរិក ក៏ដូចបណ្ដាជាតិសាសន៍នានាលើពិភពលោកនេះ ហាក់ពុំសូវមាននរណាចាប់អារម្មណ៍និងស្វែងយល់អំពីប្រវត្ដិវានោះទេ ។
តើការ៉េម Ice Cream មានប្រវត្ដិយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងថាបើពោលអំពីការ៉េម ភាសាអង់គ្លេសហៅថា Ice Cream ភាសាអ៊ីតាលីហៅថា យេ៉ទ្បាតូ Gelato ដែលជាប្រភេទបង្អែមត្រជាក់មានរសជាតិឈ្ងុយឆ្ងាញ់ជាទីពេញនិយម ៦ក្មេង ចាស់ ប្រុស ស្រី មិនថា ខ្មែរ ចិន បារាំង អ៊ីតាលី អាមេរិក ក៏ដូចបណ្ដាជាតិសាសន៍នានាលើពិភពលោកនេះ គឺមានប្រវត្ដិតាំងពីសម័យពែរ្សបុរាណប្រហែល ៥៥០ឆ្នាំមុនគ.ស. មកម៉្លេះ។ ខណៈអ្នកខ្លះអះអាងថាអធិរាជរ៉ូម៉ាំង Nero បានរីករាយជាមួយ Sorbet បង្អែមទឹកកកជាមួយទឹកឃ្មុំនិងស្រាដំបូងគេផលិតដោយទឹកកកពីប្រជុំភ្នំ Appennini ។
កាលពីព្រេងនាយការ៉េម ជាទឹកផ្អែមដែលដាក់ទឹកកក កិនជាបំណែកតូចៗ ជាមួយរសជាតិផ្លែឈើផ្សេងៗដែលអាណាចក្រក្រិច -រ៉ូម៉ាំង មានការនិយមសម្រាប់តែរាជវង្សរ៉ូម៉ាំងនិងពួកអភិជនតែប៉ុណ្ណោះ ។
លោក រត្ន័ សណ្ដាប់ បន្ដថាក្រោយមករវាងស.វ.ទី ១៣ ប្រទេសអ៊ីតាលី តាមរយ:ទំនាក់ទំនងជំនួញពាណិជ្ជកម្មជាមួយមជ្ឈិមបូព៌ា និងអាស៊ី ការ៉េមបានវិវត្ដរសជាតិហើយសាយភាយបន្តិចម្តងៗនៅរដូវក្តៅចូលទៅទ្វីបអឺរ៉ុប។ តមកការសាយភាយការ៉េមនេះ កាន់តែមានប្រជាប្រិយភាព គឺបន្ទាប់ពីស្ត្រីអភិជនអ៊ីតាលី Caterina de'Medici បានរៀបការនិងរាជវង្សស្ដេចបារំាង Enrico II ក្នុងឆ្នាំ ១៥៣៣ ជាមួយនឹងភាពអស្ចារ្យក្នុងការតុបតែងយ៉ាងសុីវីល័យប្រើប្រាស់ស្បែកជើងកែងចោទខ្ពស់ និងមានការ៉េម Ice Cream ក្នងពិធីផងដែរ។
រហូតដល់បដិវត្តន៍ឧស្សាហកម្មបានចាប់ផ្តើមមានទូរទឹកកកអគ្គិសនីជាបន្តបន្ទាប់ក្នុងឆ្នាំ១៩២៦ បានធ្វើឲ្យក្រុមហ៊ុនផលិតការ៉េម មានប្រជាប្រិយភាពនៅបារំាង អង់គ្លេស ទូទាំងអឺរ៉ុប អាមេរិក ហើយបន្ទាប់មក ក្រោយសង្គ្រាមលោកលើកទី២ ឧស្សាហកម្មការ៉េមមានប្រជាប្រិយភាពសាយភាយនៅទូទាំងពិភពលោក។
សព្វថ្ងៃឧស្សាហកម្មការ៉េមរកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺមានម៉ាកល្បីៗ ជាទីពេញនិយមនៃមនុស្សផងទាំងពួង។យើងអាចនិយាយបានថា ការ៉េម គឺជាផ្នែកមួយនៃការនាំចេញរបស់អ៊ីតាលី ទៅកាន់ពិភពលោក ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថាវាជាផលិតផលដែលមានប្រភពចេញពីអ៊ីតាលី ដែលជាប្រភេទអាហារបង្អែមត្រជាក់ដែលមានប្រវត្តិដ៏យូរលង់មកហើយ ហើយជាអាហារប្រពៃណីទាក់ទងជាមួយប្រវត្តិសាស្ត្រនៃម្ហូបអ៊ីតាលី។ ដូច្នេះហើយបានជានៅក្នុងប្រពៃណីអ៊ីតាលី ទោះបីជាយប់ជ្រៅឬរដូវរងាយ៉ាងណាក្ដី បន្ទាប់ពីទទួលទានអាហាររួចគេនំាគ្នាពិសាកាហ្វេនិងការ៉េម ជាចុងក្រោយ៕